ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឃ្លីកមួយគ្រឿង ខឹងគេជិះម៉ូតូមកប៉ះម៉ូតូខ្លួនហើយមិនសុំទោសបែរជាបើកចេញពីកន្លែងកើតហេតុ ក៏ជិះម៉ូតូដេញតាមវាយទៅលើភាគីម្ខាងទៀតដែលកំពុងបើកគេចនោះពីរដៃ តែត្រូវគេវាយវិញរងរបួសសន្លប់ស្តូក។
ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខធនាគារជាតិ នៃកម្ពុជា តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូពីរគ្រឿងជិះស្របទិសដៅគ្នាពីជើងទៅត្បូង ដែលក្នុងនោះមួយគ្រឿងម៉ាកហុងដាឃ្លិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IV-3225 បើកដោយបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៌ខ្មៅ មិនចាំស្លាកលេខជិះដោយប្រុសស្រី៣នាក់ ខណៈមកមកដល់ចំណុចត្រង់ភ្លើងស្តុប៩២ កែងនិងផ្លូវហាណូយ ម៉ូតូ PCX បានជិះប៉ះម៉ូតូឃ្លីក ខណៈនោះម៉ូតូPCX បានបើកចេញពីកន្លែងកើតហេតុ ភ្លាមនោះខាងភាគីម៉ូតូឃ្លីកខឹងខាងម៉ូតូ PCX មិនសុំទោសក៏ជិះដេញតាមមកដល់កន្លែងកើតហេតុខាងលើក៏បានឈ្លោះប្រកែកគ្នា ដោយខាងភាគីម៉ូតូឃ្លីកបានវាយទៅលើស្ត្រីម្នាក់ដែលជិះម៉ូតូ PCX ចំនួនពីរដៃ។ បន្ទាប់មកបុរសពីរនាក់ដែលជិះម៉ូតូPCX រួមដំណើរនិងស្ត្រីម្នាក់ទៀតនោះខឹងក៏បានវាយតបតវិញបណ្តាលឲ្យបុរសជិះម៉ូតូឃ្លិក សន្លប់ស្តូកស្តឹងលើសួនពុះចែកទ្រូងផ្លូវ រួចក៏នាំគ្នាបើកម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវបន្ត៕
ដោយ៖សុខាសែនជ័យ