ខេត្តស្វាយរៀង: មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ខណ:ដែលជនសង្ស័យ២នាក់ជាប្ដីប្រពន្ធ មិនព្រមសងអាគុយទៅឱ្យជនរងគ្រោះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍។
យោងតាមមន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ វេវ អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៍ បានរងរបួសត្រង់ត្របកភ្នែកខាងឆ្វេងដេរ ចំនួន០៣ថ្នេរ ស្លឹកត្រចៀកខាងឆ្វេងដេរ០២ថ្នេរនិងជាំកំភួនដៃខាងឆ្វេង។
ចំណែកជនសង្ស័យជាប្ដីប្រពន្ធមានឈ្មោះសា មានភក្តី អាយុ២០ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះលក្ខិណា អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ក្រោយពីធ្វើសកម្មភាពរួចបាននាំគ្នារត់គេចខ្លួនបាត់ភ្លាមៗ។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុនៅពេលព្រលប់ជនរងគ្រោះបានដើរមកផ្ទះជនសង្ស័យជាប្ដីប្រពន្ធដើម្បីមកយកអាគុយវិញដែលពួកគេបានខ្ចីយកទៅប្រើប្រាស់ជាច្រើនថ្ងៃមកហើយប៉ុន្តែជនសង្ស័យមិនព្រមឱ្យ។
ប្រភពបន្តថា ក្រោយមកស្រាប់តែមានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែ២នាក់ប្ដីប្រពន្ធបានព្រួតគ្នាវាយនិងបានយកសោម៉ូតូមកចាក់ទៅលើជនរងគ្រោះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវស្វែងរក២នាក់ប្ដីប្រពន្ធនោះមកចាត់ការតាមច្បាប់ឱ្យខាងតែបាន៕
ដោយសុថាន