ផ្អើលកម្មកររោងចក្រទាំងថ្ងៃរសៀលដោយសារតែឆេះម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងនៅរោងចក្រ «ស៊ីកូ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖  យ៉ាងហោចណាស់ ក៏មានម៉ូតូស៊េរីទំនើបឆ្នាំ២០២២ជាច្រើនគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករកម្មការិនីនាំគ្នាជួយដងទឹកចាក់និងបាញ់ពន្លត់អគ្គិភ័យនេះ ហើយប្រញាប់រាយការណ៍ទៅសមត្ថកិច្ចផងដែរ តែយឹតពេលទៅហើយ។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ

ក្នុងរោងចក្រស៊ីកូ ដោយមិនដឹងពីមូលហេតុ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។

    បើយោងតាមសេចក្តីរាយការណ៍ពីកម្មករកម្មការិនីបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានឆាបឆេះម៉ូតូសរុបចំនួួន​ ៤១​គ្រឿង​ ដោយ​ម៉ូតូ​​ ​ ៣០​ គ្រឿង​ឆេះខ្ទេចទាំង​ស្រុង​ និង​ឆេះរោល​ស្រាល​ ១១​គ្រឿង​ ​នៅរោងចក្រស៊ីកូ ស្ថិតនៅក្នុងតំបន់សេដ្ឋពិសេសមហាធេន ក្រុងបាវិត។

    ប្រភពពីកម្មករ កម្មការិនីដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុកម្មកររោងចក្របានចូលធ្វើការជាធម្មតាស្រាប់តែមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលតែម្ដង ខណៈនោះក៏មានសន្តិសុខបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ទៅលើម៉ូតូដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង។

រហូតដល់ម៉ោង៣៖៣០នាទីរសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់អស់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជាខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុ ដែលនាំឱ្យមានអគ្គិភ័យឆាបឆេះអស់ម៉ូតូជាច្រើនគ្រឿងផងដែរ ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់នោះ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print