ភ្នំពេញ៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ក្នុងការកសាងសមត្ថភាព និងពង្រឹងស្ថាប័ន ដើម្បីរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃវិស័យ ភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មនៅកម្ពុជា និងកិច្ចសហការរវាង កម្ពុជា-ឡាវ-វៀតណាម (វគ្គ២)។
សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានភស្តុភារកម្ម តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេក ទេស នៃមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ(MKCF) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីសិក្ខាកាមសរុប ប្រមាណ៦០នាក់ ក្នុងនោះមាន៖ តំណាងក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម តំណាងក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ តំណាងវិទ្យាស្ថានមេគង្គ អ្នកជំនាញជាតិនិងអន្តរជាតិ ផ្នែកភស្តុភារកម្ម អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ សមាគមភស្តុភារកម្មកម្ពុជា(CLA) និងសមាគមដឹក ជញ្ជូនទំនិញផ្លូវគោកកម្ពុជា(CAMTA)ផងដែរ។
សិក្ខាសាលានេះរៀបចំឡើងបន្តពីសិក្ខាសាលាវគ្គទី១ ដែលបានប្រព្រឹត្តិទៅនៅខេត្តព្រះសីហនុកាលពីខែ មេសា ឆ្នាំ២០២២កន្លងមក ក្នុងគោលបំណងដើម្បីកសាង និងពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នពាក់ ព័ន្ធទាំងវិស័យរដ្ឋ និងឯកជនអំពីការរៀបចំចងក្រង និងប្រមូលទិន្នន័យស្ថិតិមូលដ្ឋាន ការរៀបចំក្របខណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃវិស័យភស្តុភារកម្ម និងទិន្នន័យភស្តុភារកម្មក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះផ្តោតជាសំខាន់លើខ្លឹមសារសំខាន់ៗជាអាទិ៍៖ ១) សន្ទស្សន៍នៃការអនុវត្តភស្តុភារកម្មសកល ២) ការវាស់ស្ទង់ និងតាមដានការអនុវត្តភស្តុភារកម្មតាមច្រករបៀងដឹកជញ្ជូន ៣) ការព្យាករណ៍ និងរៀបចំដំណោះស្រាយគំរូ(Modeling Approach) សម្រាប់លំហូរទំនិញ/កុងតឺន័រ និងតម្លៃផ្សេងៗក្នុងវិស័យភស្តុភារកម្ម ៤) ការអនុវត្តជាក់ស្តែងលើលំហាត់ដែលដាក់ឱ្យសិក្ខាកាមពិភាក្សាជាក្រុម រួមទាំង ករណីសិក្សាមួយចំនួនក្នុងបណ្តាប្រទេសនៃតំបន់អាស៊ី។
លោកអគ្គនាយក បានគូសបញ្ជាក់ពីសារសំខាន់នៃសិក្ខាសាលានេះក្នុងការផ្តល់ជាចំណេះដឹងផ្នែក គ្រប់គ្រង និងការរៀបចំទិន្នន័យស្ថិតិវិស័យភស្តុភារកម្មទាំងនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបីក្នុងការរួមគ្នាកសាងទិន្នន័យមូលដ្ឋាននៅក្នុងវិស័យ ដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសការចែករំលែកចំណេះដឹងអនុវត្ត និងបទពិសោធន៍របស់អ្នកជំនាញ ការអន្តរជាតិផ្នែកភស្តុភារកម្មមកពីទ្វីបអឺរ៉ុបនិងអាស៊ីដល់សិក្ខាកាមសម្រាប់រយៈពេល៣ថ្ងៃនេះ។
ថ្លែងក្នុងកម្មវិធីបិទ លោកអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការជជែកពិភាក្សា ចែករំលែកបទពិសោធន៍ និងចំណេះដឹងលើ ការងារប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ៕ដោយ៖សហការី