ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញស្ទាក់ចាប់ជ្រូករស់ចំនួន២០ក្បាល នាំចូលពីប្រទេសវៀតណាម តាមច្រកប្រាសាទក្រុងបាវិតដោយសង្ស័យគ្មានលិខិតអនុញ្ញាត។
សមត្ថកិច្ចជំនាញស្ទាក់ចាប់បានធ្វើឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ប្រភបបន្តថាសកម្មភាពនេះបានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នោះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣីពាក់ផ្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន២០ក្បាលនាំចូលពីប្រទេសវៀតណាម។
បច្ចុប្បន្នក្រុមការងារបាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមច្បាប់៕
ដោយ៖ យឹម សុថាន