ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋ២ខ្នងរងការខូចខាត និងសត្វគោ6ក្បាល បានងាប់ដោយសារមានភ្លៀងខ្យល់កន្ត្រាក់ លាយឡំផ្គររន្ទះ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ និងភូមិត្រពាំងជ័រ ឃុំអណ្តូងត្របែក ស្រុករមាសហែក ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងខ្យល់កន្ត្រាក់លាយឡំផ្គររន្ទះ កក្រើកមេឃ មួយសន្ទុះក្រោយមក ពេលកំពុងភ្លៀងក៏មានខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលផ្ទះចំនួន២ខ្នង និង មានរន្ទះបាញ់សត្វគោបណ្តាលឲ្យងាប់ចំនួន០៦ ក្បាលជាបន្តបន្ទាប់គួរឲ្យខ្លាច ។
ប្រភពដដែលបន្តទៀតថា ករណីទីខ្យល់កន្ត្រាក់របើកដំបូលផ្ទះជនរងគ្រោះឈ្មោះ ពុត សាន ភេទ ស្រី អាយុ ៦២ ឆ្នាំនៅភូមិត្រពាំងជ័រ ឃុំអណ្តូងពោធិ របើកដំបូលផ្ទះ១ខ្នងទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី របើកដំបូលទាំងស្រុង ហើយនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ មានរបើកដំបូលផ្ទះ១ខ្នង រន្ទះបាញ់ងាប់គោ០៦ក្បាល គឺ ជនរងគ្រោះទី១ ឈ្មោះ ភោគ ឃាន ភេទ ស្រីអាយុ ៤៧ ឆ្នាំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ របើកដំបូលផ្ទះទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីឈើ សសរបេតុង ប្រក់សង្ក័សី របើកខូចខាតទាំងស្រុង និងខូចខាតសូឡា១ផ្ទាំង អង្ករ១០តៅ ស្រូវ ៥តៅ និងទ្រព្យសម្បត្តិមួយចំនួន ។ ជនរងគ្រោះ ទី២ ឈ្មោះ ភោគ អាន ភេទ ប្រុស អាយុ ៤៣ ឆ្នាំរន្ទះបាញ់គោងាប់អស់ចំនួន៤ក្បាល ជនរងគ្រោះទី៣ ឈ្មោះ ភោគ ភា អាយុ៤០ឆ្នាំ ភេទស្រីរន្ទះបាញ់ គោងាប់អស់១ក្បាល ។ ទី៤ ជនរងគ្រោះឈ្មោះ ព្រៃ ទាវ ភេទស្រី អាយុ៤៥ឆ្នាំ រន្ទះបាញ់គោងាប់អស់១ក្បាល ។
ប្រភពបន្តទៀតថា ពេលកំពុងភ្លៀងមានខ្យល់បក់បោក យ៉ាងខ្លាំងលាយឡំផ្គររន្ទះនោះ ធ្វើឲ្យសត្វគោ ក្របី ភ័យខ្លាចផ្អើលបានបោលមកផ្ទះវិញ ពេលមកជិតដល់ផ្ទះ ស្រាប់តែរន្ទះបាញ់ចំសត្វគោ ងាប់ជាបន្តបន្ទាប់គួរឲ្យខ្លាច ។ នេះជាលើកទីមួយហើយដែលមានភ្លៀងធ្លាក់កក់ខែ ហើយមានផ្គររន្ទះលាន់ឮគ្រហឹមធ្វើឲ្យអ្នកភូមិនាំគ្នាសង្ងំក្នុងផ្ទះមិនហ៊ានចេញក្រៅខ្លាចខ្យល់រន្ទះ ៕
ដោយ៖ យឹម សុថាន