ដាវ៉ូស-ក្លូស្ទ័រ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
លោករដ្ឋមន្ដ្រី បានថ្លែងនូវចំណាប់អារម្មណ៍លើការកើនឡើងយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩។ លោករដ្ឋមន្ត្រី បានបន្ដថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀតផងដែរ។
លោក ប៉ាន សូរស័ក្ដិ បានបន្ថែមទៀតថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, អនុវត្តក្របខណ្ឌនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣, បង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន, បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន (ឧ. CAMDX), ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ, បង្កើតផ្សារអេឡិចត្រូនិកសម្រាប់ទំនិញនិងសេវាកម្ម (ឧ. Go4eCam)។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រីក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជាផងដែរ ដែលមានដូចជា ក្របខណ្ឌច្បាប់គតិយុត្ត, យន្ដការសម្រាប់ការអនុវត្ត និងសម្របសម្រួល fintech និងការបង្កើតផែនទីបង្ហាញផ្លូវនៃគោលនយោបាយ fintech។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រីបានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើតសមត្ថភាពផលិតកម្មក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវអត្តសញ្ញាណនិងវប្បធម៌ជាតិខ្លួន៕
ដោយ៖សហការី