ខេត្តកំពង់ស្ពឺ៖ នារីប្រកបមុខរបរម៉ាស្សាកោសជប់ពីរនាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបសេដ្ឋ ឃាត់ខ្លួនបន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះថាបានធ្វើសកម្មភាពបន្លំលួចលុយភ្ញៀវដែលចូលទៅរកសេវាម៉ាស្សាកោសជប់អស់ចំនួន១៤០០ដុល្លារ។
មន្ត្រីនគរបាលបានប្រាប់ថា វេលាម៉ោងប្រមាណ២រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ អ៊.ស.ល រស់នៅស្រុកបរសេដ្ឋ បានចូលទៅសេវាម៉ាស្សាកោសជប់ ក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ មន្ត្រីនគរបាលបន្តទៀតថា ក្រោយពេលម៉ាស្សារួចក៏ចេញមកវិញដឹងខ្លួនបាត់លុយអស់ចំនួន១៤០០ដុល្លារ បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវតែម្តង។
បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិលចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងហៅជនសង្ស័យ ០២នាក់ជានារីបម្រើសេវាម៉ាស្សាដើម្បីធ្វើការសាកសួរ។ ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ កន ដាលីន នារីម៉ាស្សា និងទី២-ឈ្មោះ ស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាងម៉ាស្សា។
នគរបាលបញ្ជាក់ថា ក្រោយពេលសាកសួរនារីម៉ាស្សាទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាក្នុងបន្លំលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោះចំនួន១៤០០ដុល្លាប្រាកដមែន ។ ចំពោះប្រាក់ចំនួន១៤០០ដុល្លារដែលដកហូតពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធីនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២៕
ដោយ៖ សូរិយា