សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយពីវាយប្រពន្ធបាក់ដៃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានប្រេីហិង្សា វាយប្រពន្ធរហូតបាក់ដៃស្តាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្កឱ្យភ្ញាក់ផ្អើលទាំងយប់ លុះព្រឹកឡើងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួនបុរសជាប្តីនៅតាមផ្លូវបេតុងក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ យកទៅសួរនាំដើម្បីចាត់ការតាមច្បាប់។

ស្ត្រីជាប្រពន្ធមានឈ្មោះ វឿន គឹមចាន់ណារ៉ា អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ចំណែកបុរសជាប្តីមានឈ្មោះចាន់ រតនា អាយុ៤០ឆ្នាំ មុខរបរជាជួសជុលបរិក្ខារអគ្គិសនី មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ រស់នៅផ្ទះកន្លែងកើតហេតុ ។
តាមប្រភពបានឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នារឿងទូរស័ព្ទ រហូតឈានដល់បុរសជាប្តីទាញកៅអីដែកបត់វាយទៅលើប្រពន្ធបណ្តាលឲ្យរងរបួសបាក់ដៃស្តាំ ហើយរត់ទៅនគរបាលប៉ុស្តិ៍ទាំងយប់ តែដោយរបួសធ្ងន់ពេក សមត្ថកិច្ចបានឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯប្តីជាជនដៃដល់បានរត់ឡើងទីសម្ងំដេកលើផ្ទះបាត់ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចរួមជាមួយមេភូមិបានចុះទៅហៅនាំយកទៅប៉ុស្តិ៍ ។

ករណីហិង្សាវាយប្រពន្ធបណ្តាលឱ្យរងរបួសបាក់ដៃស្តាំនេះ ក្រោយពីសមត្ថកិច្ចនាំខ្លួនចូលប៉ុស្តិ៍សាកសួរនិងកសាងសំណុំរឿងរួចមក ក៏បានបញ្ជូនបន្តទៅផ្នែកជំនាញខណ្ឌ ដោយយោងតាមបណ្តឹងពីភាគីខាងប្រពន្ធ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print