ភ្នំពេញ : នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួប លោក Anthony Mcdonald (Executive Director of Asian Development Bank for Cambodia) និងសហការី ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ។
លោកនាយកធនាគារ បានជម្រាបជូន លោករដ្ឋមន្ត្រីជ្រាបថាកម្មវត្ថុនៃជំនួបនាពេលនេះគឺ ដើម្បីសិក្សា និងស្វែងយល់បន្ថែមពីតម្រូវការចាំបាច់សម្រាប់គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួន ដែល ADB អាចពិចារណាជួយឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុដើម្បីចូលរួមស្តារសេដ្ឋកិច្ចនៅជនបទ ក៏ដូចសេដ្ឋកិច្ចជាតិ បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវិត១៩ ជាសកល មានលក្ខណ:ល្អប្រសើរឡើងវិញ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ADB ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍវិស័យកសិកម្ម។ លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គម្រោងទាំងអស់នោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង នូវកម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតឱកាសការងារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធនធានធម្មជាតិតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ការជួយដល់សហគមន៍នេសាទ សហគ្រាសកែច្នៃធន់តូច និងការដាំព្រៃកោងកាងឡើងវិញ លើកកម្ពស់ទីផ្សារកសិករនៅតាមសហគមន៍ ដែលសកម្មភាពទាំងនោះកំពុងចូលរួមស្តារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។
នាឱកាសនេះ ភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សាគ្នាផងដែរ ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង កម្មវិធីនានាដែលស្ថិតក្រោមជំនួយឧបត្ថម្ភរបស់ ADB ព្រមទាំងបញ្ហាប្រឈម និងគោលដៅអនាគតថាត្រូវធ្វើយ៉ាងណាដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោនយោបាល និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងជាពិសេសស្របទៅតាមបរិបទនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ដើម្បីដើរឲ្យទាន់ស្ថានការណ៍វិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើជូនលោក ធ្វើការពិនិត្យពិចារណានូវលទ្ធភាពដល់ការគាំទ្រលើគម្រោងសំខាន់បីដូចខាងក្រោម ៖
ទី១- ការគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មបន្លែ ការពង្រឹងផលិតភាពផលិតកម្មបន្លែ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងបណ្តុំផលិត បណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធទូត្រជាក់ និងដឹកជញ្ជូន។
ទី២- បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលបម្រើដល់ផលិតកម្មដំណាំកសិ-ឧស្សាហកម្ម ការកែច្នៃ លើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពសហគមន៍ និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពក្នុងការនាំចេញ។
ទី៣- បញ្ហាប្រឈម និងការកំពស់អភិវឌ្ឍអនុវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ជាមួយតម្លៃចំណីសមស្រប ដើម្បីបានការផលិតប្រកបដោយនិរន្តរភាព និងប្រគួតប្រជែងជាមួយទីផ្សារជាមួយប្រទេសជិតខាង ។ ជាងនេះទៅទៀត ការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។
ទី៤- ការពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម (Scale Up) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងជំរុញនិងពង្រឹងសមត្ថភាពដល់សហគមន៍កសិកម្ម ឲ្យក្លាយជាសហគ្រិនភាព ជាមួយនឹងការចងបណ្តុំអាជីវកម្មបន្លែ ផ្លែឈើ និងសត្វ ទាំងផ្លូវច្បាប់ បច្ចេកទេស និងឥណទាន ដើម្បីជំរុញផលិតភាពផលិតកម្មរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ គុណភាព សុវត្ថិភាព និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ៕