ខេត្តកំពង់ស្ពឺ : មិនខុសពីសព្វមួយដង ក្នុងដំណើរមកកាន់ឃុំស្គុះ និងឃុំក្រាំងអំពិលនាព្រឹកនេះ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូន បានផ្តល់នូវភាពកក់ក្តៅមកកាន់ខ្ញុំ និងសហការី តាមរយៈការសួរសុខទុក្ខជាមួយនឹងទឹកមុខពោរពេញដោយក្តីស្រលាញ់ និងការរាប់អាន។ កាយវិការទាំងអស់នេះ ពិតជាមានអត្ថន័យបំផុត ព្រោះថា លទ្ធផលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា, បើនិយាយបែបសាមញ្ញ គឺថាគណបក្សប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការសម្រេចនូវលទ្ធផល និងសមិទ្ធផលនានាដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដ។
លោកថ្លែងបន្តថា, យើងមានសមត្ថភាពក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងមានសមត្ថភាពក្នុងការកសាងសមិទ្ធផល និងវឌ្ឍភាពពិតប្រាកដ យើងមានសមត្ថភាពក្នុងការគិតគូរបន្តដល់អនាគតរបស់អ្នកជំនាន់ក្រោយ ។
លោកបន្តថា, ជាមួយនឹងសមត្ថភាពទាំងអស់នេះ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់របស់ប្រជាជនកម្ពុជា។ ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺជាការគិតគូរដ៏យូរអង្វែងដើម្បីខ្លួនឯង ក្រុមគ្រួសារ និងកូនចៅជំនាន់ក្រោយ ៕
ដោយ : សិលា