មន្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប អំពីការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាននិងសហការី​ ដើម្បីពិភាក្សាការងារអំពីការដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ព្រមទាំងការគាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២​ កាលពីរសៀលថ្ងៃទី២៦ ខែឧសភាម្សិលមិញនេះ​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលតែងតែផ្តល់ការគាំទ្រ និងសហការយ៉ាងជិតសិ្នទ្ធិជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រោមក្របខណ្ឌអាស៊ាន និងជាមួយសហភាពអឺរ៉ុប។

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ តបតាមការស្នើសុំរបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីការរៀបចំ និងវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាពមួយចំនួនរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក កសិកម្ម និងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតាមរយៈការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានជាដើម។ លោករដ្ឋលេខាធិការ​ បានស្វាគមន៍ចំពោះការគាំទ្រ និងការពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាតាមវិស័យសក្តានុពលនីមួយៗក្រោមសមិទ្ធផលសេដ្ឋកិច្ចអាទិភាព ទាំងនេះផងដែរ។

ចំពោះដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ លោករដ្ឋលេខាធិការ​រូបនេះ​ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ហើយក្នុងឱកាសនោះ សមាជិកអាស៊ាននឹងលើកយកមកពិភាក្សានូវវឌ្ឍនភាព កាលានុវត្តភាព និងបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធពាណិជ្ជកម្មតំបន់និងសកលលោក ដើម្បីត្រៀមខ្លួនចាប់យកឱកាស និងឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានស្វាគមន៍វឌ្ឍនភាពល្អប្រសើររបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការអនុវត្តនូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព។ ក្នុងឱកាសនោះផងដែរ លោក បានជម្រាបជូនថា សមិទ្ធផលអាទិភាពរបស់កម្ពុជាខាងលើ មានភាពស្របគ្នាទៅនឹងការងារអាទិភាពមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជាពិសេស ការជំរុញប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក និងចីរភាពនិងសុវត្ថិភាពគីមីក្នុងវិស័យកសិកម្ម ជាដើម។ លោក ក៏បានលើកឡើងអំពីគម្រោងរបស់ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចលើកទី១០ ជាបន្តបន្ទាប់ នៅកម្ពុជា និងស្នើសុំព័ត៌មាននៃកាលបរិច្ឆេទ និងទីតាំងជាក់លាក់សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងពេលវេលាសមស្រប។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងផ្តល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ និងផ្លែការ ដែលនឹងជំរុញបន្ថែមនូវពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print