សេចក្ដីជូនដំណឹង ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ : ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមក ក្រុមការងារបានចែកចាយឱសថម៉ូលណាទ្រីស (MOLNATRIS)  សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក្រុមការងារបាននាំចូលបន្ថែមឱសថ ផាកឡូវីដ (PAXL0VID) សម្រាប់ ព្យាបាលជំងឺកូវីដ-១៩  ចំពោះមនុស្ស ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ដូចមានក្នុងព័ត៌មានលម្អិតក្នុងសេចក្ដីណែនាំទូទៅ ស្ដីពីការប្រើប្រាស់ឱសថផាកឡូវីដ ជូនភ្ជាប់មកជាមួយ។ ដូចនេះ ឱសថទាំងពីរប្រភេទនេះ នឹងត្រូវចែកចាយជូនមន្ទីរ ពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះតទៅ តាមលក្ខខណ្ឌដូចខាងក្រោម៖

១. ឱសថម៉ូលណាទ្រីស (MOLNATRIS) តម្លៃ ៥០ ដុល្លារអាម៉េរិក

– បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់១០ដូស

– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់១០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦០ ដុល្លារអាម៉េរិក ក្នុង១ដូស

– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

២. ឱសថផាកឡូវីដ (PAXL0VID) តម្លៃ ៩៥ ដុល្លារអាម៉េរិក

– បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់៥ដូស

– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់៥០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ១០៥ ដុល្លារអាម៉េរិក ក្នុង១ដូស

– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

បញ្ជាក់៖ ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃ កំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថទាំងពីរប្រភេទ ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខាប្រៃសណីយ៍កម្ពុជាខេត្ត។ សម្រាប់ការផ្ដល់មតិ ត្រលប់អំពីការផ្ដល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print