លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំង ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំង ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

មានប្រសាសន៍នាឱកាសនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរក្នុងខណ:ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋបារាំងប្រចាំព្រះរាជាណា ចក្រកម្ពុជា។ ឆ្លៀតយកឱកាសនៃជំនួបការទូតនេះ លោករដ្ឋមន្ត្រីបានជម្រាបជូន លោក ឯកអគ្គរដ្ឋទូតដោយសង្ខេបអំពីស្ថានភាពជារួមនៃការអភិវឌ្ឍវិស័យកសិកម្មមុនពេលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាបានជួបបញ្ហាវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ជាពិសេសផលិតផលកសិកម្មសំខាន់ៗដែលមានសក្តានុពល ហើយដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាផលិតផលមានអាទិភាពសម្រាប់ធ្វើការនាំចេញ។ លោករដ្ឋមន្ត្រីក៏បានលើកយកបញ្ហាប្រឈមសំខាន់ៗ ដែលជាឧបសគ្គដល់ការអភិវឌ្ឍវិស័យកសិកម្ម ទាក់ទងទៅនឹងការនាំចេញផលិតផលមួយចំនួនត្រូវបានធ្លាក់ចុះ ដែលបញ្ហានេះបណ្តាលមកពីទី១- វិបត្តិជំងឺឆ្លងសកលកូវីដ-១៩ និងទី២- សង្គ្រាមរវាងរុស្សី-អ៊ុយក្រែន (ប្រេងសាំង និងតម្លៃដឹកជញ្ជូនត្រូវបានកើនឡើងទាំងក្នុងស្រុក និងអន្តរជាតិ)។ 

លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្នស្ថានភាពនៃជំងឺឆ្លងនេះនៅកម្ពុជាមានលក្ខណ:ល្អប្រសើរឡើងវិញជាបណ្តើរៗ នោះក៏ដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការសំខាន់ៗ និងបន្ទាន់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះពីសហគមន៍មួយទៅសហគមន៍មួយ តាមរយ:យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើឲ្យសកម្មភាពសង្គម សេដ្ឋកិច្ចជារួមចាប់ផ្តើមដំណើរដូចប្រក្រតីឡើងវិញ។ យោងលើស្ថានភាពបច្ចុប្បន្ន លោករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋាភិបាលបារាំង តាមរយ:លោកឯកអគ្គរដ្ឋទូតថ្មីផ្តល់ឱកាសឲ្យកសិផលកម្ពុជានាំចូលទីផ្សារបារាំង និងទីផ្សារអ៊ីរ៉ុបកាន់តែច្រើនឡើងថែមទៀត ពិសេសអង្ករ។ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម និងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែម ។ ទន្ទឹមនឹងនេះ ក្រសួងមានក្តីសង្ឃឹមថា ភាគីបារាំងនឹងជួយជាធនធានថវិការ និងចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល ហើយនិងការវារីវប្បកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត និងបានជូនពរ លោកឯកអគ្គរដ្ឋទូត ក្រុមគ្រួសារ និងសហការីឲ្យទទួលបានជោគជ័យក្នុងការបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។ 

លោក Jacques PELLET បានថ្លែងអំណរគុណចំពោះពេលវេលា និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោករដ្ឋមន្រ្តី។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លោកឯកអគ្គរដ្ឋទូតថានឹងថានឹងខិត ខំពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើចំណុចសំខាន់ៗដែលបាន រំលេចឡើងខាងលើដោយឯកឧត្តមរដ្ឋមន្រ្តី។ ជំនួបការទូតត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print