រដ្ឋមន្ត្រីក្រសួងការងារ៖ ខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា បានបង្ហាញពីដៃគូដ៏យូរអង្វែងជាមួយកម្ពុជាលើគ្រប់វិស័យ

ចែករំលែក៖

 

ភ្នំពេញ ៖ នាឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ដែលត្រូវបានរៀបចំធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅ Factory Phnom Penh ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី អ៉ិត សំហេង គូសបញ្ជាក់ថា នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាដៃគូដ៏យូរអង្វែងជាមួយកម្ពុជា ព្រមទាំងបានកោតសរសើរសម្រាប់ការគាំទ្រពីប្រទេសស្វីស និងប្រជាជនរបស់ខ្លួនចំពោះការគាំទ្រដ៏សប្បុរសចំពោះកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ជាមួយនេះដែរ លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ, SDC គឺជាម្ចាស់ជំនួយដ៏សំខាន់មួយដែលបានជួយដល់ប្រទេសកម្ពុជា តាមរយៈគម្រោងផ្សេងៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។ 

លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រពី SDC លើគម្រោងជាច្រើនរួមទាំងឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងនោះមាន៖ គម្រោងអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងដំណាក់កាលទី២, កម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា” ដំណាក់កាលទី១ និងដំណាក់កាលទី២, គាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬតាមអនឡាញ (National TVET E-Learning Platform), និងកំពុងគាំទ្រដល់ការអភិវឌ្ឍច្បាប់ TVET ជាដើម។ 

តាមរយៈការគាំទ្រ ប្រទេសស្វីស និងSDC ក៏បានផ្តល់ជំនួយយ៉ាងច្រើនលើផ្នែកឧបករណ៍បរិក្ខារ បច្ចេកទេស និងហិរញ្ញវត្ថុ ដល់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបាននាំយកបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសនានាមកជួយដល់កម្ពុជា។ SDC បាន និងកំពុងធ្វើការជាមួយដៃគូនានាជាច្រើន រួមទាំងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត សម្រាប់ការគាំទ្រប្រទេសកម្ពុជា ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូល យុទ្ធសាស្ត្ររយៈពេល ៤ឆ្នាំ ស្របតាមផែនការយុទ្ធសាស្រ្តជាអាទិភាពរបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។ 

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុត ក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង និងធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ 

លោកស្រី Helene Budliger Artieda (ហេឡែន​ ប៊ុតលីហ្គ័រ​ អាតថាយអ៊ីដា) អគ្គរដ្ឋទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការអន្តរជាតិ និងសង្គមស៊ីវិល។ លោកស្រីលើកឡើងបែបនេះថា៖ “ពួកយើងនៅទីនេះ គឺដើម្បីរួមចំណែកដល់អនាគតនៃប្រទេសដ៏ស្រស់ស្អាតនេះ និងប្រជាជនទាំងក្មេង និងចាស់។ ប្រទេសស្វីស ចូលរួមធ្វើការនៅក្នុងបរិបទតំបន់ផងដែរ ក្នុងគោលបំណងពង្រឹងឡើងវិញនូវយន្តការ និងស្ថាប័នក្នុងតំបន់ ដូចជា អាស៊ាន ជាដើម។ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាទទួលបន្ទុកយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ាន ដោយកម្ពុជានឹងដើរតួជាអ្នកដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងតំបន់។ ប្រទេសស្វីស រង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន (ASEAN Sectoral Dialogue Partner ) ”៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print