សម្ដេចក្រឡាហោម ស ខេង៖ ទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីនាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៨​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង កាលពីរសៀលថ្ងៃសុក្រទី២៧ ខែឧសភាម្សិលមិញនេះ​ បានអញ្ជើញចុះពិនិត្យតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តស្រុកមោងឬស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមអមដំណើរ រួមមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងស្រុកទាំង៣នៃខេត្តបាត់ដំបង អភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក កងកម្លាំង ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ដំណើរចុះទៅកាន់តំបន់បឹងទន្លេសាប ក្នុងស្រុកទាំង៣នៃខេត្តបាត់ដំបងរបស់សម្ដេចក្រឡាហោម និងមន្រ្តីពាក់ពាក់នាពេលនេះ គឺទន្ទឹមគ្នានឹងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានថ្លែងសារពិសេសជូនជនរួមជាតិ អំពីការសម្រេចកែសម្រួលតំបន់បឹងទន្លេសាបឡើងវិញដើម្បីភ្ជាប់ការអភិរក្សទៅនឹងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

ដែលក្នុងនោះសម្ដេចតេជោបានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាបនេះចែកជាពីរកត្តាចាំបាច់ កត្តាទី១ ការអភិរក្ស និងកត្តាទី២គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ដោយសម្តេចបានណែនាំឱ្យពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដើម្បីកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងយូរឆ្នាំ។

សម្តេចតេជោមានប្រសាសថា ទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ និងថារាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ទៅជ្រកក្រោមរូបភាពជាពលរដ្ឋ ដោយកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ខណៈភូមិឋាន និងតាំងទីលំនៅប្រជាពលរដ្ឋមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញនោះឡើយ។

នាឱកាសនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញចុះដល់តំបន់បឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនោះ បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ដូចដែលសម្ដេចតេជោបានថ្លែងក្នុងសារពិសេសផ្ញើជូនជនរួមជាតិ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានពិនិត្យតំបន់ជាក់ស្ដែងជាមួយផែនទីភូមីសាស្រ្តតំបន់បឹងទន្លេសាបផងដែរ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print