លោក Ibrahim Kalin ទីប្រឹក្សាស្តីពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីតួកគី បានលើកឡើងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ស្តីពីវត្តមាន«ក្រុមភេរវកម្ម»មុននឹងរដ្ឋាភិបាលទីក្រុង អង់ការ៉ាត្រួតពិនិត្យចូលជាសមាជិករបស់ណាតូ។
លោក Ibrahim Kalin បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃទី៣០ខែឧសភាថា តួកគីចង់បាន ចំណាត់ការជាក់ស្តែងជុំវិញការព្រួយបារម្ភអំពីអ្វីដែលខ្លួនហៅថា «បញ្ហាក្រុមភេរវកម្ម» នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត មុនពេលតួកគីពិចារណាលើសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) ប្រធានាធិបតីតួកគី បានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់តំណាងរដ្ឋាភិបាលតួកគី និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការស្នើសុំចូលជា សមាជិកអង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងជំនួបនោះ លោក កាលីន បានប្រាប់លោក ស៊ូលីវ៉ាន់ យ៉ាងដូច្នេះថា «ប្រទេសណាដែលចង់ចូលជាសមាជិករបស់ NATO ត្រូវតែគោរពនិងឱ្យតម្លៃចំពោះសម្ព័ន្ធមិត្តលើបញ្ហាសន្តិសុខក៏ដូចជាការប្រឆាំងអំពើភេរវកម្ម។ ហ្វាំងឡង់ និងស៊ុយអែត ត្រូវតែសង្កត់ធ្ងន់ និងចាត់ទុកបញ្ហានេះជារឿងចាំបាច់ ដើម្បីចាត់វិធានការជាក់ស្តែងលើអង្គការ ឬភេរវជនណាដែលបង្កការគំរាមកំហែងដល់សន្តិសុខរបស់
តួកគី»។
ដោយឡែក បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, លោក ស៊ូលីវ៉ាន់ បានអំពាវនាវឲ្យតួកគីបន្តកិច្ចពិភាក្សាដោយផ្ទាល់ជាមួយហ្វាំងឡង់ និងស៊ុយអែត ដើម្បីដោះស្រាយនូវក្តីកង្វល់នេះ ខណៈដែលសហរដ្ឋអាមេរិកនៅតែបង្ហាញការគាំទ្រចំពោះសមាជិកភាពរបស់ប្រទេសទាំងពីរក្នុងអង្គការណាតូ។
ប្រទេសតួកគី បានបង្ហាញជំហរជំទាស់ចំពោះហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិករបស់អង្គការ NATO ក្រោមហេតុផលថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ ឃើដ ដែលតួកគីចាត់ទុកថា ជាក្រុមភេរវករ ហើយក៏ដោយសារតែបញ្ហាដែលហ្វាំងឡង់និងស៊ុយអែតបានបញ្ឈប់ការនាំចេញអាវុធទៅឱ្យតួកគី កាលពីឆ្នាំ២០១៩ផងដែរ ស្របពេលដែលហ្វាំងឡង់ និងស៊ុយអែត បានប្រកាសថ្កោលទោសចំពោះអំពើភេរវកម្ម និងប្តេជ្ញាបើកចំហសម្រាប់កិច្ចសន្ទនា៕ ដោយធីរីណា
រូបថត : REUTERS