តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបេក្ខជនជាយុវជន និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនៅមូលដ្ឋានស្រុកពញាក្រែក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាលសួរសុខទុក្ខនិងធ្វេីបទបង្ហាញពីបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតដល់យុវជនគណបក្សដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​  ចំនួន៤៧២នាក់ នៅមូលដ្ឋានស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ ។

លោក ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច លោក លោកស្រី​ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូលដោយក្តីនឹករលឹក។

ទាក់ទងនឹងការងារបោះឆ្នោតខាងមុខ លោក ចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីបទបញ្ជា​ នីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត

ជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២ និងក្រមសីលធម៌ភ្នាក់ងារសង្កេតការណ៍គណបក្ស  ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់។

លោក ក៏បានបញ្ជាក់ផងដែរថា​ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានសម្តេចតេជោ ហ៊ុន សែន​ ជាប្រមុខ បានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសបានធ្វើឱ្យប្រទេសជាតិរួចចាកផុតពីវិបត្តិដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្តោះសម្តេចតែងតែយក​ចិត្តទុកដាក់ជា​ប្រចាំ​លើការងារពង្រឹងអង្គការចាត់តាំងយុវជន និង​ការងារ​កសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បី​ជាយន្តការ​ជំនួយ​ឱ្យគណបក្ស​លើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការដ៏សំខាន់មួយសម្រាប់ជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។

លោកក៏បានក្រើនរំលឹកដល់យុវជន-យុវនារីក្នុងមូលដ្ឋានស្រុកពញាក្រែកទំាង៨ឃុំត្រូវចងចាំ គោរពនិងអនុវត្តឲ្យបាននូវអនុសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជា​ មានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុ ឥតងាករេក្នុងការបម្រើគណបក្ស ប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ​ លោក បានផ្តាំផ្ញើដល់យុវជនគណបក្សដែលជាបេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតត្រូវសហការណ៍ជាមួយ មន្រ្តីបក្សមូលដ្ឋានភូមិ-ឃុំ-ស្រុក​ ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំហើយបន្តការឃោសនារកសំឡេងឆ្នោតដោយ ប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត ការចុះជួបសមាជិកតាមខ្នងផ្ទះ ព្រមទាំងសកម្មភាព តាមមណ្ឌលទាំងឡាយដើម្បីរក្សានិងបន្តយកជ័យជម្នះពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យទី៥​ ខែមិថុនា​ ឆ្នាំ២០២២​ ខាងមុខនេះ៕

         

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print