ខេត្តកំពត៖ បើតាមការបញ្ជាក់ពីយុវជនឈ្មោះ ជឿង ហុង ដែលសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយនៅជាប់ច្រកទ្វារអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា៖ រូបគេបានរងរបួសជើងខាងស្ដាំ ដោយសារគ្រាប់កាំភ្លើងកងទាហានវៀតណាម បានបាញ់រះមកលើក្រុមពលករខ្មែរដែលកំពុងលីបារី«ហេរ៉ូង» ឆ្លងដែនចំនួន១៤នាក់ បណ្ដាលឱ្យពលករផ្សេងៗនាំគ្នារត់ចែកជេីង។
ប្រភពដដែលបន្តថា ករណីខាងលើនេះកាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានមុខបង្គោលលេខ៣០៩ ក្នុងភូមិកោះចំការ ឃុំបឹងសាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
ជនរងគ្រោះ បានឱ្យដឹងទៀតថា៖ មុនពេលកេីតហេតុរូបគេជាមួយអ្នកភូមិជាច្រើននាក់ បានជញ្ជូនបារីឆ្លងដែនចូលទៅវៀតណាមខ្លួនក៏បានស្ពាយបារីចំនួន២កេះ ស្មើនិងមួយរយសុងដើរឆ្លងទឹកឆ្លងភក់ប្រហែលមួយគីឡូចូលទៅវៀតណាម ។ ភ្លាមនោះ គ្រាន់តែដើរដល់ចំណុចស្ពានបង្គោលលេខ៣០៩ ស្រាប់តែវៀតណាមបានស្រែក ប៉ុន្តែពួកគាត់មិនចេះភាសារវៀតណាម។ តែអ្នកខ្លះទៀតបានដើរឆ្លងស្ពាន ស្រាប់តែវៀតណាមបានបាញ់មកលើខ្លួនតែម្ដង បណ្ដាលឱ្យត្រូវរបួសជើងម្ខាងតែម្តង។
ប្រភពដដែលបន្តថា នៅពេលដែលរូបគេត្រូវរបួស និងបានរត់ចេញពីកន្លែងគ្រោះថ្នាក់ ព្រមទាំងអ្នកលីបារីផ្សេងៗទៀតជាង ១០នាក់រត់បែកគ្នាអស់។ បន្ទាប់មករូបគេ ក៏បានដើរមកលាងឈាមនៅមិនឆ្ងាយពីកន្លែងកើតហេតុមិនយូរប៉ុន្មានខ្លួនក៏បានដួលសន្លប់ ហើយមានអ្នករួមដំណើរបីនាក់ទៀត បានសែងយកមកដល់ទូករួចដឹកយកមកព្យាបាលនៅគ្លីនិកតែម្តង។
ជុំវិញករណីនេះដែរ លោកឧត្តមសេនីត្រីម្នាក់ ទទួលបន្ទុកកិច្ចការព្រំដែន នៅថ្ងៃនេះក៏បានចូលទៅសាកសួរជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ដេីម្បីសាកសួរព័ត៌មានលម្អិតផងដែរ និងបានបញ្ជាក់ដែរថា៖ ករណីទាហានវៀតណាម បាញ់រះនោះសង្ស័យជាគ្រាប់កាំភ្លើងកែច្នៃ៕ដោយ៖សហការី