ខេត្តកំពង់ស្ពឺ ៖ ស្ត្រីចំណាស់មួយរូបបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យក្រោយពីរងការកាប់ប្រហារពីជនដៃដល់ម្នាក់ដែលសង្ស័យថាជាមនុស្សញៀនថ្នាំ។ ក្រោយធ្វើសកម្មភាពជនដៃដល់បានព្យាយាមជិះម៉ូតូរត់គេចខ្លួនតែត្រូវបានសាច់ញាតិស្ត្រីរងគ្រោះតាមស្ទាក់ចាប់បាននឹងវ៉ៃតប់រហូតសន្លប់ទើបសមត្ថកិច្ចទៅដល់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ប្រហារនេះកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឯកភាព ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពបានអោយដឹងថាករណីនេះ បង្កឡើងដោយ ឈ្មោះ សឿន សត ភេទប្រុស អាយុ ២៥ឆ្នាំ បានយកកាំបិតផ្គាក់ដងឫស្សី កាប់លើជនរងគ្រោះឈ្មោះ រស់ សាម៉ៃ ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវចំក្បាល,ជើងឆ្វេង និងដៃ ឆ្វេង នៅពេលដែលជនរងគ្រោះ កំពុងសម្រាននៅលើគ្រែក្រោមផ្ទះជាមួយចៅប្រុស អាយុ ២ឆ្នាំជាង។ ប្រភពបន្តថា ក្រោយពីរងការកាប់ពីសំណាក់ជនដៃដល់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងររួចមកស្ត្រីរងគ្រោះ ត្រូវបានបងប្អូន បញ្ជូនទៅមន្ទីរពេទ្យបាំងសី ហើយបានស្លាប់នៅពាក់កណ្តាលផ្លូវ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ថាជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានជិះម៉ូតូរត់ ដល់ភូមិត្រពាំងធ្នង់ ឃុំព្រៃវិហារ ហើយត្រូវបានបងប្អូនជនរងគ្រោះ និងអ្នកភូមិចាប់បាននឹងវាយបណ្តាលឲ្យរងរបួសធ្ងន់(សន្លប់)បន្ទាប់មកត្រូវបានសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកគងពិសី ។
ករណីខាងលើកំពុងកសាងសំណុំរឿង និងបានហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត មកត្រួតពិនិត្យ និងបំពេញបែបបទ។ ចំណែក សពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា