ថន តារា ត្រៀមរាបការជាមួយមន្ត្រីតំណាងរាស្ត្រជ​នជាតិថៃ

ចែករំលែក៖

ភ្នំពេញ៖ អតីតពិធីការិនីកម្មវិធី “មរតកសំនៀង” របស់ស្ថានីយទូរទស្សន៍អប្សរា នាង ថន តារា ដែលជាបងស្រីបង្កើតរបស់ពិធីការិនី ថន លក្ខិណា បានទម្លាយរូបថតជាច្រើនសន្លឹកអំពីទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់។ បុរសដែលនាងកំពុងភ្ជាប់ស្នេហ៍នេះត្រូវបាននាងបញ្ជាក់ថា ជាអនាគតស្វាមីនាងដែលជាអ្នកជំនួញនិងជាមន្ត្រីតំណាងរាស្រ្តរបស់ប្រទេសថៃ។

ថ្លែងបញ្ជាក់ប្រាប់ពីប្រទេសថៃ តារាសម្តែងនិងពិធីករវ័យ៣៤ឆ្នាំ កញ្ញា ថន តារា បញ្ជាក់ថា នាងបានស្វែងរកម្ចាស់គូគាប់ទ្រនាប់បេះដូងឃើញហើយបើទោះបីជារយៈពេលនៃការស្គាល់គ្នាខ្លីក៏ដោយ។ តារាស្រីរូបនេះមិនបានបញ្ជាក់ឈ្មោះអនាគតស្វាមីឡើយប៉ុន្តែនាងលើកឡើងថា បុរសនោះមានវ័យ៥២ឆ្នាំគឺជាអតីមន្ត្រីសមាជិករដ្ឋសភានៃប្រទេសថៃនិងជាអ្នកជំនួញមានមុខមាត់ម្នាក់នៅប្រទេសថៃ។ ​ទោះជាយ៉ាងណានាងលើកឡើងថាបុរសដែលនាងផ្ញើវាសនាជាមួយនោះគឺជាពោះម៉ាយកូនមួយដែលកូនស្រីបុរសនោះមានវ័យ៥ឆ្នាំហើយដែរ។ នាងប្រាប់ថា នាងបានស្គាល់អនាគតស្វាមីកាលពីដើមខែមេសាគ្រាដែលអនាគតស្វាមីនាងបានធ្វើដំណើរកមកម្សាន្តនៅកម្ពុជា។

នាងថា៖ “គឺជាជំនួបដោយចៃដន្យគ្រាដែលគាត់មកកម្ពុជាហើយត្រូវការអ្នកបកប្រែ ហើយដោយសារនិស្ស័យទើបគាត់សុំចូលចែចូវដល់ចាស់ទុំហើយខ្ញុំក៏មាននិស្ស័យនឹងគាត់ដែរទើបសម្រេចចិត្តទទួលយកដោយមិនដឹងពីឋានៈតួនាទីគាត់នៅស្រុកថៃឡើយ”។ នាងបន្តថាក្រោយទទួលស្គាល់ពីចាស់ទុំនៅកម្ពុជា នាងបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីជួបជុំគ្រួសារខាងអនាគតស្វាមី។ នាងថា កាលពីរាត្រីថ្ងៃទី៣ខែឧសភានេះ ស្វាមីនាងបានរៀបចំពិធីជប់លៀងសមល្មមមួយដើម្បីអបអរការទទួលបានមេដាយថ្នាក់ជាតិរបស់អនាគតស្វាមីនាង ពិសេសគឺការប្រកាសដោយបើកចំហរប្រាប់ដល់សាច់ញាតិមិត្តភក្តិថា នាងគឺជាអនាគតភរិយាដែលធ្វើឲ្យនាងអៀនផង រំភើបផងរហូតចង់យំ។ នាងបញ្ជាក់ដោយទំនុកចិត្តថា នេះគឺជាស្នេហាដែលនាងចង់បានព្រោះតែអនាគតស្វាមីនាងបានផ្តល់កិត្តិយស ស្រលាញ់នាងនិងគ្រួសារដោយមិនគិតពីអតីតកាលរបស់គ្នាទៅវិញទៅមក។

តារាសម្តែងរឿង ”ទឹកចិត្តប្រពន្ធ” រូបនេះបញ្ជាក់ថា អនាគតស្វាមីនាងចង់រៀបចំពិធីមង្គលការនៅកម្ពុជានៅដើមខែមិថុនា ឆ្នាំ២០១៦នេះ ប៉ុន្តែដោយសាររយៈពេលនៃការរៀបចំខ្លីពេកទើបនឹងសម្រេចចិត្តពន្យាពេលរហូតដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៦វិញ។ នាងបន្តថាក្រោយរៀបការតាមប្រពៃណីខ្មែររួចស្វាមីនាងក៏នឹងរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ជាផ្លូវការនៅប្រទេសថៃផងដែរ។ ទោះបីជាជួបស្នេហ៍អ្នកជំនួញនិងមន្ត្រីឆ្លងប្រទេសក្តីក៏តារាស្រីរូបនេះមិនរំពឹងខ្ពស់ក្នុងការទទួលបានថ្លៃបណ្ណាការខ្ពស់ពីខាងប្រុសដែរ។ នាងមិនបញ្ជាក់អំពីចំនួនទឹកលុយដែលថ្លៃបណ្ណាការខាងប្រុសប្រគល់ជូនទេ ប៉ុន្តែនាងថា មានចំនួនខ្ទង់លានបាត ហើយសម្រាប់កាដូជាគ្រឿងអលង្ការគ្រួសារនាងមិនបង្គាប់ទេគឺអាស្រ័យលើទឹកចិត្តរបស់ភាគីខាងប្រុសប៉ុណ្ណោះ។ ក្រោយរៀបការនាងក៏នឹងត្រូវចេញទៅរស់នៅប្រទេសថៃជាមួយស្វាមី ប៉ុន្តែអាចនឹងត្រូវឡើងចុះញឹកញាប់ព្រោះតែប្រទេសនៅជិតគ្នាដែរ។

តារាស្រីដែលមានទឹកដីកំណើតពីខេត្តកោះកុងរូបនេះបញ្ជាក់ថា ការស្រលាញ់ផ្តល់កិត្តិយយស ទំនុកចិត្ត ការផ្តល់តម្លៃគ្នាទៅវិញទៅមក គឺជាអ្វីដែលនាងចង់បានជាងទ្រព្យសម្បត្តិ បើទោះបីជាស្វាមីនាងមានវ័យជ្រេ និងជាបុរសពោះម៉ាយក្តី ហើយនាងរំពឹងថា ស្វាមីនាងនឹងផ្តល់សេចក្តីសុខសុភមង្គលក្រោយរៀបការរួច៕

13130830_952939068153817_5599735604015363585_o

13087183_952925671488490_744618205198044050_o

IMG_0178

13122894_952939521487105_6656417423248797307_o

13122899_953081204806270_7463750182448523237_o

13123366_953080554806335_6245382026319247594_o

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print