ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី Recep Tayyip Erdogan គឺមានការគិតគូរយ៉ាងល្អិតល្អន់ក្នុងការផ្លាស់ប្តូរឈ្មោះប្រទេស។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រកាសថា លោកបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិស្នើប្រើប្រាស់ឈ្មោះប្រទេសថ្មី គឺ Turkiye ជំនួស Turkey ។ តួកគីបានយកឈ្មោះជាផ្លូវការ Türkiye Cumhuriyeti ឬ Republic of Turkey (សាធារណរដ្ឋតួកគី) ក្រោយការបង្កើតប្រទេសនៅឆ្នាំ១៩២៣។
លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខដឹកនាំ UN បាននិយាយថា ទីស្នាក់ការកណ្តាលរបស់ UN នៅញូវយ៉ក បានទទួលលិខិតផ្លូវការស្តីពីសំណើផ្លាស់ប្តូរឈ្មោះប្រទេសពីសំណាក់រដ្ឋាភិបាលទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាមលោក Dujarric ការកែប្រែឈ្មោះរបស់តួកគី គឺមានសុពលភាពភ្លាមៗតែម្តង។
កិច្ចខិតខំផ្លាស់ប្តូរឈ្មោះខាងលើ ត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់។ ពាក្យ Turkiye នេះ តាមពិតទៅគឺមានសូរសព្ទដូចទៅនឹងឈ្មោះរបស់ប្រទេសតួកគី ដែលគេហៅជាភាសាតួកគីផ្ទាល់។ យ៉ាងណាក្តី ចំណុចគួរឱ្យកត់សម្គាល់មួយនៅពីក្រោយការប្តូរឈ្មោះនេះ គឺវានឹងជួយបែងចែកឈ្មោះរបស់ប្រទេសតួកគីឱ្យដាច់ដោយឡែកពីសត្វបក្សីមួយ ដែលមានឈ្មោះ ជាភាសាអង់គ្លេសដូចគ្នាថា Turkey។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថា ឈ្មោះ”Türkiye” គឺជាតំណាង និងបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ អរិយធម៌ និងគុណតម្លៃរបស់ប្រជាជនតួកគី៕ ដោយធីរីណា
រូបថត : AP