ឃាត់ខ្លួន​ក្មេងទំនើង​៣នាក់ប្រេីកាំបិតផ្គាក់ជិះម៉ូតូដេញកាប់យុវជន២នាក់ឱ្យរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖​ ក្មេងទំនើង​ចំនួន​ ៣នាក់បានប្រេីកាំបិតផ្គាក់ធ្វេីសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់​បណ្ដាលឱ្យរបួសធ្ងន់និងស្រាល​កាលពីវេលាម៉ោងជាង៦ល្ងាចថ្ងៃទី៣ ខែមិថុនាម្សិលមិញនេះ នៅចំណុចខាងលិចការាសសាំងសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​ត្រូវ​បានកម្លាំង​នគរបាលស្រុកតាលោសែនជ័យតាមចាប់ឃាត់ខ្លួននៅត្រង់ចំណុចភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ​ក្រោយ​ពីធ្វើ​សកម្មភាព​រួច​។ នេះបើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យដែលបានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី៤ ខែមិថុនា​ ឆ្នាំ​២០២២នេះ។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងទៀតថា​ ក្មេងទំនើងទាំង៣នាក់នេះ​ ទី១-ឈ្មោះ ផុន រស្មី អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន, ទី​២-ឈ្មោះ រឹម រឺសាន់ អាយុ២០ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ និងទី៣-ឈ្មោះ ប្រុស សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលទទឹង ឃុំតាលោសែនជ័យ (ជាអ្នកកាន់កាំបិតផ្គាក់) ។

ចំណែកជនរងគ្រោះទាំង២នាក់នោះ ម្នាក់មានឈ្មោះ ទិត បញ្ញា អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា នៅក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន និងម្នាក់ទៀតឈ្មោះ រិន ថារិទ្ធ អាយុ២១ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការ​ស្រុក​ បានបន្ថែមថា​ ជុំវិញអំពើហិង្សាដោយចេតនានេះដែរ យើងមិនទាន់ថាមកពីរឿងគំនុំ ឬយ៉ាងណានោះទេ ខណៈ​ដែលជនសង្ស័យបានធ្វេីសកម្មភាពកាប់ជនរងគ្រោះឱ្យរងរបួស​ ហើយភ្លាមៗនោះ​ជនរងគ្រោះបានព្យាយាមបើកម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុ​ដេីម្បីឱ្យគេឯងជួយ។
លោកអធិការ​បន្តថា​ ជនរងគ្រោះឈ្មោះ ទិត បញ្ញា បានបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥​ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT-5845 គេចខ្លួនមកដួលនៅចំណុចមុខសាលាបឋមសិក្សាកណ្ដាល លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បណ្ដាលឱ្យរងរបួសស្រាល។ ចំណែកជនរងគ្រោះឈ្មោះ រិន ថារិទ្ធ បានបើកម៉ូតូ​ ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1T -1128 គេចខ្លួនមកដួលនៅខាងជើងសាលាបឋមសិក្សាកណ្តាលចម្ងាយប្រហែលជា ៥០០ម៉ែត្រ លើចិញ្ចើមផ្លូវក្រាលកៅស៊ូ បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព តាលោសែនជ័យ តែដោយស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេកក៏បានត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ដោយឡែក​ជនសង្ស័យទាំង៣នាក់ ក្រោយពីធ្វើសកម្មភាពកាប់លើជនរងគ្រោះរួចមក បានជិះម៉ូតូមួយគ្រឿងម៉ាកវីណា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1S-8899 គេចខ្លួនចូលមកក្នុងទឹកដីស្រុកតាលោសែនជ័យដែរ ហើយត្រូវនគរបាលស្រុកតាលោសែនជ័យ ដឹកនាំបញ្ជាដោយផ្ទាល់ពីរូបលោក ( អ៊ុល ហៃ) បានចេញពួនស្ទាក់នៅតាមចំណុចនិងគោលដៅផ្សេងៗ ក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយក៏បានឃាត់ជនសង្ស័យបាន៣នាក់ ព្រមទាំងបានដកហូតម៉ូតូ​មួយគ្រឿង និងកាំបិតផ្គាក់មួយនៅត្រង់ចំណុចភូមិទួលថ្ម ឃុំតាលោ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះនៅចំណុចខាងលើប្រាកដមែន ។​ ក្រោយសាកសួរ​រួច កម្លាំង​នគរបាលស្រុកតាលោសែនជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង​ទៅកាន់ស្នងការដ្ឋាននគរបាល​ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print