កម្ពុជា​ អនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៧២គម្រោង ក្រោមទុនវិនិយោគជាង២៦០០លានដុល្លារ ក្នុង​រយៈពេល​៥ខែដើមឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបញ្ជាក់ថា​ រយៈពេល៥ខែ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៧២គម្រោង ក្រោមទុនវិនិយោគប្រមាណ ជាង២៦០០លានដុល្លារ​ ពោលចាប់ពីខែមករា ដល់ខែឧសភា។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាបានអនុម័តគម្រោងវិនិយោគ ប្រមាណជាង២៦០០លានដុល្លារ លើវិស័យជាច្រើនមុខ នឹងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋជាច្រើនម៉ឺនកន្លែង។

គម្រោងវិនិយោគទាំង៧២គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបកកង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ជាមួយគ្នានេះ​ យោងតាម​ការថ្លែងបញ្ជាក់ពីឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងដែរថា លទ្ធផលនេះ គឺជាសញ្ញាមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រោមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានបើកដំណើរការលើគ្រប់វិស័យឡើងវិញ ក្រោយចាក់វ៉ាក់សាំងដោយជោគជ័យ។

លោកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់បន្ថែមថា គម្រោងវិនិយោគនៅកម្ពុជា នឹងនៅតែបន្ដមានការកើនឡើង ចាប់ពីពេលនេះ រហូតដល់ឆ្នាំក្រោយៗ ដោយសារតែកម្ពុជា មានការអនុវត្តកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ (RCEP) លើសពីនោះទៀត កម្ពុជា នៅតែមាន EBA ក៏ដូចជា GSP ជាមួយសហគមន៍អឺរ៉ុប, អាមេរិក និងអង់គ្លេស។

គូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ដោយឡែក​ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥% នៅឆ្នាំ២០២២នេះ កើន ៥.៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦.៦% នៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print