ភ្នំពេញ៖ នៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២២ ដំណើរការនៃការនាំចេញអង្ករកម្ពុជាមានកំណើនប្រមាណជាជាង២២ភាគរយ។ នេះបេីយោងតាមប្រភពព័ត៍មានពីសហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា៖ កម្ពុជាក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២នេះ បាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ២៨៣.៦៧៥ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៧៣,៤៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ មានប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩.៤៤៧ តោន ឬស្មើនឹង ៥២,៦៨% ដែលមាន កំណើនចំនួន ២៣,៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨.១៦៧ តោន ឬស្មើនឹង ៣១% មានកំណើន ចំនួន ៤៩,២៦% ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥.៦៩១ តោន ឬស្មើនឹង ៩,០៦% ដែលមានកំណើនចំនួន ១៧,៥៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០.៣៧៦ តោន ឬស្មើនឹង ៧,២០%។
ជាមួយគ្នានោះ កម្ពុជា ក្នុងរយៈពេល៥ខែនេះដែរបាននាំចេញស្រូវសរុបបានចំនួន ១.៦៩៨.៩០៨ តោន ដែល គិតជាទឹកប្រាក់មានចំនួន ៣៩១,៦៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទ បានចំនួន ៦៤,១០% អង្ករស ចំនួន ៣៣,១២% អង្ករចំហ៊ុយ១,៤២% និងអង្ករសរីរាង្គចំនួន ១,៤២%។
សូមជម្រាបថា កម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានធ្វើការនាំចេញអង្ករបានចំនួន ៦២.៥៣៧តោន ដែលមានកំណើន ៥៤,២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ ហើយបាន ធ្វើការនាំចេញ ស្រូវបានចំនួន ៥០.១៦១ តោន៕ដោយ៖សហការី