លោកឃួង ស្រេង៖ គិតត្រឹមដើមឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញមាន សំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង និងអគារខ្ពស់ៗ ជាង១.៦០០អគារ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់អោយដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន២២៥ អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅទោះបីមាន ផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានី ភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូត ដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុង តំបន់អាស៊ានឡើយ។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង នាព្រឹកថ្ងៃទី០៧ មិថុនា ឆ្នាំ២០២២នេះខណៈ លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ភោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ផ្សារទំនើប ព្រីនស៍ថាមសឃែ្វរបានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិននិងខ្មែរជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិ ជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈ។ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
លោកបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្តាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប ប្រកបដោយប្រណីតភាព សម្រាប់បម្រើដល់ ការរស់នៅប្រចាំថ្ងៃ ។
ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ គឺជាជម្រើសអាជីវកម្មមួយ ដែលនឹងទទួលបានគាំទ្រពី សំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ស្របពេល ដែលប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។
លោក ខ្លីហ្វ កុហ្ស (CLIFF KOH) អភិបាល ប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត គ្រុប បានលើកឡើងថា៖ កម្ពុជាកំពុងបើកដំណើការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីថ្មី ។ ហើយផ្សារទំនើបព្រីនស៍ ថាមសឃែ្វរដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះអាចអភិវឌ្ឍ និងបើកដំណើរការស្របតាមការរំពឹងទុក។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំ ពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងពេលកន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាននិងសំណាក់ប្រជាជនកម្ពុជាផងដែរ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print