ភ្នំពេញ : នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា, លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបាន អបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបាន ប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាព មិនប្រក្រតីណាមួយកើតឡើងឡើយ។
ដោយឡែកមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃផ្ទុយពី ការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្ស ភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បី បំភាន់សាធារណៈមតិឱ្យយល់ខុស មកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ គ.ជ.ប សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា យោងមាត្រា ៣០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៥.៦.៤ ន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា “ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬ ក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”
ជនទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងនិងបរិវេណការិយាល័យរាប់សន្លឹកឆ្នោត ខាងក្នុង មានដូចខាងក្រោម៖
-មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំ ការបោះឆ្នោត
-ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យ រាប់សន្លឹកឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់។
តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោត គឺ គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេតឃើញនៅថ្ងៃបោះឆ្នោត។ គ.ជ.ប នឹង រង់ចាំទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតី ណាមួយដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប។
គ.ជ.ប កំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការតាំងពីចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតរហូតបញ្ចប់ការបោះឆ្នោត ព្រមទាំង បានធ្វើការវាយតម្លៃចំពោះដំណើរការបោះឆ្នោតនេះប្រកបដោយសច្ចៈធម៌។
សូមប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងរង់ចាំ គ.ជ.ប ធ្វើការប្រកាសផ្សាយ លទ្ធផលផ្លូវការនៃការបោះឆ្នោតនៅពេលខាងមុខជាបន្តទៀត រហូតដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ចូលកាន់តំណែង ដើម្បីអភិវឌ្ឍឃុំ សង្កាត់ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រ កម្ពុជា៕