អុីរ៉ង់បានកាត់ទោសប្រហារជីវិត អ្នកទោស១១នាក់ជាបុរសនិងស្ត្រីម្នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន និងសម្លាប់មនុស្ស ។ ការកាត់ទោសប្រហារជីវិតគឺធ្វើឡើងនៅក្នុងមន្ទីរឃុំឃាំង Zahedan។
អង្គការសិទ្ធិមនុស្សអុីរ៉ង់ (IHR) មានទីតាំងនៅក្នុងប្រទេសន័រវែស បានប្រកាសកាលពីថ្ងៃទី ៧ខែមិថុនាថា អុីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្ស១២នាក់ក្នុងទីក្រុង Zahedan ជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
អ្នកទេាសដែលប្រហារជីវិតនោះគឺជាសមាជិកក្រុមជនជាតិភាគតិច Baluch កាន់សាសនាអ៊ិស្លាមនិកាយសាន់នី ខុសពីនិកាយ Shia នៅក្នុងប្រទេសអុីរ៉ង់។
ក្នុងចំណោមអ្នកទោសទាំង១២នាក់ដែលត្រូវប្រហារជីវិត មាន៦នាក់ជាប់ទោសពាក់ព័ន្ធការជួញដូរគ្រឿងញៀន និង៦នាក់ទៀតពីបទសម្លាប់មនុស្ស ។ ចំណែកស្ត្រីម្នាក់ដែលកាត់ទោសប្រហារជីវិតដែរនោះគឺមានទោសពីបទសម្លាប់ប្តីរបស់ខ្លួន ត្រូវចាប់ខ្លួនកាលពីឆ្នាំ ២០១៩ ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំពីទោសប្រហារជីវិតរបស់អង្គការលើកលែងទោសអន្តរជាតិ ការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអុីរ៉ង់កើនឡើង២៨% នៅក្នុងឆ្នាំ២០២១ គឺមាន៣១៤ករណីត្រូវប្រហារជីវិត ៕ ដោយធីរីណា
រូបថត :Reuters