ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅយប់ថ្ងៃពុធទី០៨ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ។
ដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។
ក្រសួងបរិស្ថាន បានបន្តថា សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ចំនួនសត្វដំរីនៅកម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។
ដោយឡែកបញ្ហាប្រឈមមានដូចជា៖ ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក។ ដំរីអាស៊ីស្ថិតក្នុងក្រុមប្រភេទជិតផុតពូជនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទដែលជិតផុតពូជ(EN)៕ដោយ៖សហការី