ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤.៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥.៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៧១០នាក់។ នេះបេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែមិថុនា ឆ្នាំ២០២២ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា គោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវច្រើនជាងគេរួមមាន៖
* ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់
* ខេត្តកំពត ៣៧.៧៤៧ នាក់
* ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់
* ខេត្តសៀមរាប ២៨.១៣៨ នាក់
* រាជធានីភ្នំពេញ ២៤.៦៥២ នាក់
* ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់
* ខេត្តកែប ១៣.៤៤៤ នាក់
ជាមួយគ្នានោះ លោក ថោង ខុន បានគូសបញ្ជាក់ថា តួលេខខាងលើនេះមានការកើនឡើងប្រមាណ ៧,៤៥% ធៀបនឹងសប្តាហ៍កន្លងមក។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបន្តថា តាមការពិនិត្យជាក់ស្តែងចុងសប្តាហ៍កន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។
ដោយឡែកមន្ត្រីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះឆ្នោត និង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ៕
ដោយ៖សហការី