ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក បានថ្លែងដោយចាត់ទុកវិស័យឯកជនថា ជាប្រភពដ៏ធំធេងមួយនៃការវិនិយោគ ក្នុងការជំរុញវឌ្ឍនភាពផ្នែកសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងមានភាពច្នៃប្រឌិត ប្រកបដោយចីរភាព ហើយក៏ជាដៃគូសំខាន់មួយ ដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកថ្លែងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនូវឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក ស្ថិតក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃសុក្រ ទី១០ ខែមិថុនា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ផ្តើមចេញពីគោលគំនិតទាំងនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ជាពិសេសការបើកទូលាយឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ហើយជាក់ស្តែង គឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនេះជាដើម ដែលម្រើឱ្យដល់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនៅទូទាំងប្រទេស។
លោកឧត្តមសេនីយ៍បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ដោយថា ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា។
លោកបន្តថា, ថា៖ «ទាំងនេះ ពិតជាបានស្តែងឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីការពារសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅកម្ពុជា ពីព្រោះថាកាកសំណល់វេជ្ជសាស្ត្រអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយនាំឱ្យមានការបំពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺទៅក្នុងបរិស្ថានរស់នៅ ប្រសិនបើការគ្រប់គ្រង ទុកដាក់ និងបោះចោលសំណល់វេជ្ជសាស្ត្រ ត្រូវបានធ្វើឡើងមិនបានត្រឹមត្រូវ សមស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស»។
ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្ររបស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល គឺធ្វើការការប្រមូល គ្រប់គ្រង និងប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ ដោយនៅក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនបានសាងសង់ ដំឡើង និងបានឈានដល់ការបើកដំណើរការទីតាំងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រ រហូតដល់ ៥កន្លែង រួមមាន ខេត្តកណ្តាល កំពត ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ហើយទីតាំងទាំង៥នេះ ក៏មានលទ្ធភាពផ្តល់សេវាកម្មគ្រប់ដណ្តប់បណ្តាខេត្តជាច្រើននៅជុំវិញផងដែរ។ ក្នុងផែនការបន្ទាប់ ក្រុមហ៊ុនក៏មានគម្រោងពង្រីកអាជីវកម្ម ដោយនឹងសាងសង់ទីតាំង និងដំឡើងឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្របន្ថែមទៀតឱ្យបានគ្រប់ ២៤ខេត្តនៅទូទាំងប្រទេសទៀតផង៕
ដោយ : សហការី