ភ្នំពេញ : សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
បរពិត្រសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦ យាងចូល៨៧ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ទូលព្រះបង្គំជាខ្ញុំនិងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ដ ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុខភាពបរិបូណ៌ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតនូវព្រះរោគាព្យាធិនានាតរៀងទៅ។
ទូលព្រះបង្គំយើងខ្ញុំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្ដែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលជានិច្ចកាលព្រះអង្គតែងតែមានព្រះព្រហ្មវិហារធម៌ ព្រះទ័យជ្រះថ្លាបានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាពសង្គមកិច្ច មនុស្សធម៌ វប្បធម៌ សាសនា និងសេចក្តីសុខក្សេមក្សាន្តជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ទូលព្រះបង្គំយើងខ្ញុំ និងសហការី សូមលំឱនកាយវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗជំនាន់ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតារក្សា ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ពិសេសព្រះបារមីព្រះបរមរូបសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ សូមបន្តអភិបាលគ្រងរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំ ៕
ដោយ : សិលា