ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំកងកម្លាំងទាំង ៣ផែន ត្រូវប្រឹងប្រែងហ្វឹកហាត់ពង្រឹងកាយសម្បទាឱ្យបានរឹងមាំ ដើម្បីត្រៀមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំឱ្យកងកម្លាំងទាំង ៣ផែន ត្រូវប្រឹងប្រែងហ្វឹកហាត់ពង្រឹងកាយសម្បទាឲ្យបានរឹងមាំ ដើម្បីត្រៀមចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) ខាងមុខនេះ។

ការថ្លែងដូច្នេះ ខណៈដែល លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះត្រួតពិនិត្យកងកម្លាំងទាំង៣ផែន ដែលកំពុងហ្វឹកហាត់សមក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំដល់កងកម្លាំងទាំង៣ផែន ៖
ទី១-ត្រូវចេះស្រឡាញ់រាប់អានគោរពគ្នាទៅវិញទៅមក ជាពិសេសត្រូវចេះសាមគ្គីគ្នា និងឯកភាពគ្នា ។

ទី២-ត្រូវមានស្មារតីភ្ញាក់រលឹកគោរពវិន័យ និងការលះបង់កម្លាំងកាយចិត្ត ដើម្បីការពាររក្សាកិត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ត្រូវខិតខំតស៊ូ អត់ធ្មត់ អត់ទ្រាំ ជាពិសេសត្រូវត្រៀមអាវភ្លៀងឲ្យបានគ្រប់ៗគ្នា ខណៈដែលរដូវនេះជារដូវភ្លៀងផងដែរ។

ក្នុងឱកាសចុះត្រួតពិនិត្យកម្លាំងនេះផងដែរ លោកអគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើសេចក្តីទុកចិត្តលើគ្រូបង្វឹក លើមេបញ្ជាការទាំង ៣អង្គភាព ពេលមានសភាពការណ៍ ឬក៏កិច្ចការអ្វីត្រូវចេះពិភាក្សាគ្នា និងត្រូវរៀបចំពង្រឹងពិន័យកងកម្លាំងឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ លើកកិត្តិយសដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសដល់នគរបាលជាតិទូទាំងប្រទេស។

ជាទីបញ្ចប់តាងនាម លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកអគ្គស្នងការរង បានថ្លែងអំណរគុណ និងជូនពរឲ្យការហ្វឹកហាត់របស់បងប្អូននាពេលនេះ ទទួលបានជោគជ័យ ហើយទៅបំពេញបេសកកម្មត្រឡប់មកវិញដោយជោគជ័យ និងដោយកិត្តិយស ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print