ភ្នំពេញ : -សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
-សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ដែល នឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”។ ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។
ក្នុងពេលវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថាន សិក្សានៅទូទាំងប្រទេសទាំងសាធារណៈ ឯកជន និងអង្គការ សមាគម។ ការណ៍នេះ បង្កជាឧបសគ្គយ៉ាងខ្លាំង ដល់ការសិក្សារបស់សិក្ខាកាម សិស្ស និសិ្សតដែលត្រូវចូលរៀនអនុវត្តផ្ទាល់នៅតាមរោងជាង និងបន្ទប់ពិសោធ ការផ្លាស់ប្ដូររបៀបនៃការបង្រៀន និងរៀននៅក្នុងថ្នាក់រៀន មកជាការបង្រៀន និងរៀនពីចម្ងាយ ឬ តាមអនឡាញជំនួសវិញ។ ក្រោយមកបន្ទាប់ពីស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ បានធូរស្បើយ គ្រឹះស្ថានអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបើកឱ្យដំណើរការឡើងវិញ ដោយត្រូវអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឡើងវិញ។ រាជរដ្ឋាភិបាលបានខិតខំបន្តយកចិត្តទុកដាក់ធានាបាននូវបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ ដោយបានបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាព ក្នុងការផ្តល់សេវាមុខរបរ និងការងារឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹង យន្តការវេទិកាការងារ ការបង្កើនការផ្សព្វផ្សាយនិងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រង ការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាព កម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ ការផ្តល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជា្ជជីវៈ ការពង្រីកការផ្តល់សេវារកការងារឱ្យធ្វើ និងការផ្សព្វផ្សាយពីវិធានការនានា។
ឆ្នាំនេះ យើងអាចរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ទូទាំងរាជធានី ខេត្ត ស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងបានសម្រេចជោគជ័យដ៏ធំធេងក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរធ្វើឱ្យលែងមានអ្នកឆ្លងជំងឺ កូវីដ-១៩ គ្មានអ្នកស្លាប់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់តិចតួចបំផុត យើងអាចបើកដំណើរការ គ្រប់សកម្មភាពសេដ្ឋកិច្ច សង្គមយើងឡើងវិញយ៉ាងពេញលេញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ តាមគន្លងប្រក្រតីភាពថ្មី ដែលយើងបានសប្បាយរីករាយបំផុតបន្ទាប់ពីអាក់ខានក្នុងការសប្បាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាងពីរឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំក្នុងការ ជំរុញការស្ដារសកម្មភាពសេដ្ឋកិច្ចជាតិឡើងវិញ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដួសជំរុញ ដើម្បីបង្កើន ភាពស៊ាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនយើងរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិត តាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស អាចដំណើរការបានប្រកបដោយនិរន្តរភាពធានាបាននូវ សង្វាក់ផលិតកម្ម ផ្ដល់មុខរបរនិងការងារប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិត ដែលយើងសង្ឃឹមថា សកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញ ព្រមទាំង រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិយើងនឹងបន្តកើនឡើង ហើយបើតាមការប៉ាន់ស្មានក្នុងឆ្នាំ២០២២ នេះនឹងកើន ៥,២ភាគរយ។
ការប្រឈមនឹងបញ្ហាថ្មីៗទាំងនៅកម្រិតតំបន់ និងសកលលោក ភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ សន្តិសុខសកល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ បានជះឥទ្ធិពល អវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដែលជាសេដ្ឋកិច្ចបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។ ទន្ទឹមនឹងនេះ ការរីកចម្រើនបច្ចេកវិទ្យាថ្មីយ៉ាងឆាប់រហ័ស ដែលនាំឱ្យកើតមានឡើងនូវបដិវត្តន៍ឧស្សាហកម្មទី៤ កំពុង ជះឥទ្ធិពលឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបរបបប្រតិបត្តិការធុរកិច្ច និងការបំពេញការងារ និងតម្រូវការ ជំនាញគ្រប់ប្រភេទ។
ឆ្លើយតបនឹងការប្រឈមនេះ ការលើកកម្ពស់ជំនាញ សមត្ថភាពនិងផលិតភាព និងកិច្ចគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជា គោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបាន កំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្ត គោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ២០២៥ គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់-ឆ្នាំ២០២១-២០២៣ និងគោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌនគោលយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងជំរុញការអនុវត្តនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣. ជាពិសេស យុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបាន កម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាច ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុកនិងក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារ ធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
កម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើង នៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត។ ដើម្បីផ្ដល់លទ្ធភាពទទួលបានការ បណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិតជាលទ្ធផលរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្ដុះបណ្ដាល និងបញ្ចប់ការសិក្សាដោយ ជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយ សេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។ ក្នុងដំណាក់កាលនៃការីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ កន្លងមក រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ពិសេសមួយ ដែលមានភាពបត់បែន និងផ្តោតលើគុណភាព ព្រមទាំងបានផ្តល់នូវប្រាក់ឧបត្ថម្ភអំឡុងពេលសិក្សាដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង១ខែ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ទទួលបាននូវ ជំនាញមួយច្បាស់លាស់សម្រាប់ចាប់យកការងារថ្មីនៅក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ នាពេលបច្ចុប្បន្ន និងទៅអនាគត ឬអាចប្រកបមុខរបរដោយខ្លួនឯងបាន ដែលមានសិក្ខាកាមចំនួន ៦ ៥០០នាក់ និងបានធ្វើការបណ្ដុះបណ្តាលជំនាញទន់ជូនដល់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន ៦៨ ០០០នាក់ផងដែរ។ រាជរដ្ឋាភិបាល បានរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈដល់យុវជនដែលដល់វ័យចូលទីផ្សារការងារ ជាពិសេសការបង្កើនសមត្ថភាពជំនាញរបស់កម្លាំងពលកម្ម ដែលកំពុងស្ថិតនៅក្នុងទីផ្សារការងារស្រាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្លាស់ប្ដូរជំនាញឬការបណ្តុះបណ្តាល ដើម្បីបង្កើនកម្រិតជំនាញ
ដែលជាកត្តាគន្លឹះក្នុងការរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា និងគាំទ្រដល់កម្ម វិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ កាត់ដេរស្បែកជើង / និងផលិតផលធ្វើដំណើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រជារួមរបស់កម្ពុជាក្នុងការគាំទ ដល់ខេត្ត ឬប៉ូលសេដ្ឋកិច្ចសំខាន់ៗ តាមរយៈការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ សមស្របតាមតម្រូវការទីផ្សារការងារសម្រាប់គាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិឧស្សាហកម្ម, តំបន់ទេសចរណ៍, និងបណ្ដុះបណ្តាលជំនាញជាន់ខ្ពស់ និងនវានុវត្តន៍សម្រាប់ឧស្សាហកម្មទំនើបៗ។
ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងការខិតខំអនុវត្តដោយជោគជ័យ នូវគោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាល ក្នុងការចូល រួមអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩. ជាពិសេសការចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការអនុវត្តបាននូវវិធានការ “៣ ការពារ និង ៣ កុំ” រហូតដល់យើងអាច ឈានទៅការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យនៅទូទាំងប្រទេស។
ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធសូមចូលរួម៖
១- បន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើន សេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តទៅការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
២- បន្តគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
៣- បន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យ មានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថ ការងារ និងសីលធម៌វិជ្ជាជីវៈល្អ ដូចដែលប្រធានបទនៃ ទិវាជាតិនេះបានលើកឡើងថា “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់”។
៤- បន្តចាក់វ៉ាក់សាំងដូសជំរុញ (ទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩ គ្រប់ប្រភេទ។
៥- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹង នូវសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។
៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និង ភាពប្រកួតប្រជែងខ្ពស់” នេះ ឱ្យបានផុលផុសឱឡារិកអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា។
ជាទីបញ្ចប់ ជាមួយនឹងឱកាសនៃការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ និងប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត និងបងប្អូនជនរួមជាតិទាំងអស់ទូទាំងប្រទេស សូមចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា