ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា, ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលបាន និងកំពុងបង្ហាញវត្តមានលើកដំបូងនៅទឹកដីកម្ពុជានាពេលនេះ គឺជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់ចំពោះភាពជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីកីឡា និងព្រឹត្តិការណ៍ធំនានាលំដាប់តំបន់ និងពិភពលោក។ ទន្ទឹមនេះ យើងក៏មិនអាចកាត់ផ្តាច់ពីការទទួលស្គាល់នេះ ចេញពីកត្តាសុខសន្តិភាពពេញលេញ ការគ្រប់គ្រងដោយជោគជ័យនូវកូវីដ១៩ និងការរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងប្រទេស ដែលអនុញ្ញាតអោយរាជរដ្ឋាភិបាលកកម្ពុជា យល់ព្រមទទួលដំណើរនៃពានដ៏ល្បីមួយនេះ និងដែលធ្វើអោយសហព័ន្ធបាល់ទាត់ពិភពលោកសម្រេចផ្តល់ការទុកចិត្ត និងនាំពាន់លំដាប់ពិភពលោកនេះមកកាន់កម្ពុជា។
លោកបន្តថា, ក្នុងនាមកម្ពុជាជាប្រទេសសមាជិករបស់ FIFA ដំណើរគោចររបស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងក្លាចជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាផ្តល់នូវកម្លាំងចិត្តដល់កីឡាករ យុវជន និងសាធារណជនជាអ្នកស្នេហា និងគាំទ្រវិ័ស័យកីឡាទាំងអស់ ក្នុងការបន្តលើកកម្ពស់វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ។
លោក ហ៊ុនម៉ានី សូមជូនពរឱ្យកម្មវិធីដំណើរគោចរពាន់រង្វាន់ដ៏មានតម្លៃ និងអត្ថន័យនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ភាពជោគជ័យនៅពេលនេះ គឺជាមូលដ្នានមួយសម្រាប់ការសម្រេចជោគជ័យបន្តទៅថ្ងៃខាងមុខ ៕
ដោយ : សិលា