ប្រធានាធិបតីបារាំងលោក ម៉ាក្រុង អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអុីតាលី លោក Mario Draghi នៅថ្ងៃទី១៦ខែមិថុនានេះ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង បានលើកឡើងថា មានតែកិច្ចពិភាក្សាដោយផ្ទាល់ប៉ុណ្ណោះ រវាងប្រធានាធិបតីរុស្ស៊ី នឹងប្រធានាធិបតីអ៊ុយក្រែនទើបអាចស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមបាន។
ប្រទេសអឺរ៉ុបដែលជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន មិនចង់ឱ្យមានសង្គ្រាមអូសបន្លាយរយៈពេលយូរនោះឡើយ ។ ដូច្នេះការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែននាពេលនេះគឺដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុត ក៏ដូចជា ការបង្ហាញពីការគាំទ្រនិងសាមគ្គីភាពរបស់ពួកគេចំពោះអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៉ី។
ដំណើរទស្សនកិច្ចដែលគេរំពឹងទុកនេះ មិនទាន់ត្រូវបានធ្វើការប្រកាសជាផ្លូវការនៅឡើយ ដោយសារហេតុផលសន្តិសុខ ប៉ុន្តែដំណឹងនេះត្រូវបានផ្សព្វផ្សាយមួយថ្ងៃមុនពេលគណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍អំពីដំណើរការរបស់សហភាពអឺរ៉ុបចំពោះការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : Getty Images