ខេត្តព្រៃវែង ៖ ជនរងគ្រោះម្នាក់ត្រូវបានគេបញ្ជូនពីខេត្តមកសង្គ្រោះនៅរាជធានីភ្នំពេញទាំងយប់បន្ទាប់ពីរងនូវគ្រាប់កាំភ្លើងពីសំណាក់ជនមិនស្គាល់មុខ។
ចំពោះករណីខាងលើនេះគេនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ។
បុរសរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ឱ្យរងរបួសធ្ងន់នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហឹង ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវ១គ្រាប់ចំស្មាខាងឆ្វេងផ្នែកខាងក្រោយធ្លាយចេញមកខាងមុខរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់រាជធានីភ្នំពេញទាំងយប់ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ចំណែកឯជនបង្កហេតុមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទ។
លោកជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1V-0648 ធ្វើដំណើរម្នាក់ឯងចេញពីភ្នំពេញ មានគោលដៅទៅផ្ទះរបស់ខ្លួននៅឃុំបន្ទាយចក្រី ប៉ុន្តែពេលមកដល់ចំណុចកើតហេតុក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿងមកពីក្រោយ បាញ់១គ្រាប់ត្រូវចំស្មាបណ្ដាលឱ្យដួលធ្លាក់ពីលើម៉ូតូ ភ្លាមនោះជនរងគ្រោះបានស្ទុះរត់ចូលផ្ទះអ្នកស្រុកដែលនៅជាប់កន្លែងកើតហេតុ ហើយក៏ដួលសន្លប់នៅមាត់ទ្វារផ្ទះ។ ចំណែកជនបង្កបានជិះម៉ូតូគេចចេញទៅបាត់ដោយសុវត្ថិភាព។
លោកអធិការបានបញ្ជាក់ថា ជុំវិញការបាញ់ប្រហារនេះសមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថាជាករណីអ្វីឱ្យប្រាកដនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានពីជនរងគ្រោះ ហើយជនល្មើសពេលធ្វើសកម្មភាពមិនបានយកទ្រព្យសម្បត្តិជនរងគ្រោះទេ ដូច្នេះមិនអាចសន្និដ្ឋានថា ជាករណីប្លន់ឡើយ ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រីឯសមត្ថកិច្ចកំពុងចុះស្រាវជ្រាវស្វែងរកជនល្មើស៕
ដោយ៖ អរុណរះ