ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានដ៏ទៃទៀត និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះលោក Narendra Modi នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋឥណ្ឌា។
សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោកបណ្ឌិត ចៃហ្វានកា (S. Jaishankar) រដ្ឋមន្ត្រីការបរទេស ឥណ្ឌា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-ឥណ្ឌា ដើម្បីរំឭកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្វានកា នឹងផ្លាស់ប្តូរទស្សនៈលើកិច្ច សហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ ទំនងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹងការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញក្រោយកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។ កិច្ចប្រជុំនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវភាពជា ដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេស ឥណ្ឌា។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេលី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួម ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមចំពោះ លោក ណារិនដ្រា ម៉ូឌី នាយក មន្រ្តីឥណ្ឌា ផងដែរ ៕
ដោយ : សិលា