ភ្នំពេញ : នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចូលរួមជាអធិបតីភាពប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ បានបង្ហាញថាមានសត្វក្តាន់សរុបចំនួនប្រមាណ ៨៤ក្បាល ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា, លទ្ធផលនៃការស្រាវជ្រាវក៏នេះបានបង្ហាញផងដែរពីវត្តមាន នៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើន ដែលជាសញ្ញាណវិជ្ជមានបង្ហាញ ពីការបន្តពូជរបស់ សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រកធម្មជាតិ។
លោកលើកឡើងថា, អ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថាសត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះតាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ៕
ដោយ : សិលា