លោក ឡុង ឌីម៉ង់​ និងជាមួយលោកអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ​ ចុះសំណេះសំណាលជាមួយមន្ត្រី និងក្រុមគ្រួសារមន្ត្រី ដែលកំពុងសិក្សាភាសាចិននៅសាលាកាងហួរ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោក Hu Wei អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៦ ខែ មិថុនាម្សិលមិញនេះ​ បានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រី និងក្រុមគ្រួសារមន្ត្រី ដែលកំពុងសិក្សាភាសាចិននៅសាលាកាងហួរ។ កម្មវិធីសិក្សាភាសាចិននេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ដោយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២។

រដ្ឋបាលខេត្ត​ បន្តថា​ លោកអគ្គកុងស៊ុលបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយមើលឃើញពីការចាប់អារម្មណ៍យ៉ាងខ្លាំង និងការឱ្យតម្លៃទៅលើភាសាចិនពីសំណាក់មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ និងបានកោតសរសើរអំពីវឌ្ឍនភាពយ៉ាងរហ័សផ្នែកភាសាចិនបើទោះបីជាកម្មវិធីនេះទើបតែចាប់ផ្តើមក្តី។ លោកក៏បានសន្យាថានឹងបន្តគាំទ្រកម្មវិធីសិក្សានេះរហូតដល់មន្ត្រីរដ្ឋបាលខេត្តអាចប្រើប្រាស់ភាសាចិនបានទូលំទូលាយ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានបង្ហាញចំណាប់អារម្មណ៍ ថាការសិក្សាភាសានេះមិនត្រឹមតែធ្វើឱ្យចំណងមិត្តភាពដែកថែបរវាងកម្ពុជានិងចិនកាន់តែរឹងមាំនោះទេ ថែមទាំងបានផ្ដល់ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង។ ការយល់ដឹងអំពីភាសាគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ការស្វែងយល់អំពីវប្បធម៌-អរិយធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ជនជាតិមួយ និងអាចកាត់បន្ថយការភាន់ច្រឡំ និងភាពមិនចុះសម្រុងរវាងជាតិសាសន៍នានាផងដែរ។

បន្ថែមពីនេះ​ លោកអភិបាលរងក៏បានផ្តាំផ្ញើ ឱ្យមន្រ្តីយើងខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអាចប្រើប្រាស់សម្រាប់ការងារ និងជីវភាពប្រចាំថ្ងៃផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print