ភ្នំពេញ : អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយសសូមបំភ្លឺ និងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តា ជ្រាបជា៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលើកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ចំនួន ៤២ នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងការចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមរំលឹកជម្រាបជូនឡើងវិញអំពីទិដ្ឋភាពនៃអង្គហេតុ និងទិដ្ឋភាពនៃច្បាប់ ទាក់ទងនឹងព្រឹត្តការណ៍ ៩ វិច្ឆិកា ដូចខាងក្រោម៖
១-អំពីទិដ្ឋភាពនៃអង្គហេតុទាក់ទងនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា
តើអ្វីដែលនៅពីក្រោយ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ២០១៩?
កាលពីឆ្នាំ២០១៩ គ្រប់គ្នាប្រហែលនៅចាំបានថា ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពី
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅថា “ព្រឹត្តិការណ៍ ៩/១១ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា ៣ សកម្មភាពធំៗ ដូចខាងក្រោម៖
ទី១-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឱ្យធ្វើការ បះបោរប្រឆាំងរាជរដ្ឋាភិបាល
ទី២-បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច
ទី៣-រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ។ សកម្មភាពធំៗទាំង ៣ ខាងលើនេះ គឺរៀបចំឡើង ក្នុងគោលដៅចំនួន ២.គឺ ទី១-ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២-ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ ដូច្នេះ ពាក្យថា “ផែនការវិលត្រឡប់” គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឲ្យ ចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។
អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រើប្រាស់ហ្វេសប៊ុក និងបណ្ដាញសង្គមដទ ទៀត ធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឲ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ។
២-អំពីទិដ្ឋភាពនៃអង្គច្បាប់ទាក់ទងនឹងព្រឹត្តការណ៍ ៩ វិច្ឆិកា ជាទិដ្ឋភាពផ្លូវច្បាប់ តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក “ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ខាងលើ ឬផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា” ថាជាអំពើខុសច្បាប់ ហើយចាត់ទុកជាការអនុវត្ត សិទ្ធិរសេរីភាព?
ប្រទេសមួយចំនួន ថែមទាំងបានចាត់ទុកក្រុមទាំងនេះ ជាអង្គការភេរវនិយមទៀតផង។ ដូច្នេះ យើងអាចធ្វើការ សន្និដ្ឋាន បានថា៖
– វាជាការត្រឹមត្រូវបំផុត ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ក្នុងនោះ រួមមានវិធានការច្បាប់ វិធានការនយោបាយ និងវិធានការការទូត ដោយបានបំផ្លាញចោល ទាំងស្រុងនូវផែនការបំផ្លាញកម្ពុជា ដែលដឹកនាំអនុវត្តដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហើយធានាថែរក្សាបាននូវ សុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន។
– វាជាការត្រឹមត្រូវបំផុត ដែលប្រទេសនានាក្នុងពិភពលោក មិនគាំទ្រផែនការខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យផែនការបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ទទួលបរាជ័យយ៉ាងអាម៉ាស់។
– វាជាការត្រឹមត្រូវបំផុត ដែលច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តន្ទាទោស ឧក្រិដ្ឋជន ក្នុងនាមរដ្ឋអធិបតេយ្យ ដែលប្រកាន់យកគោលការណ៍ដឹកនាំតាមនីតិរដ្ឋ។ យោងតាម ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវផ្តន្ទាទោសក្រោម “បទល្មើស ឧបឃាត” តាមមាត្រា ៤៥១ ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវផ្តន្ទាទោសពី “បទល្មើសរួមគំនិតក្បត់” តាមមាត្រា ៤៥៣ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមការបង្ហាញនូវអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលសមត្ថកិច្ច និងតុលាការប្រមូលបាន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើកញ្ញា សេង ច័ន្ទធាវី និងសកម្មជនផ្សេងទៀត ចំនួន ៤២ នាក់ ពីបទញុះញង់ និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ
និងចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហឹង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានប្រើពេលវេលាអស់រយៈពេលជិត ៣ ឆ្នាំ ដើម្បីធ្វើការអង្កេត ស្រាវជ្រាវ ប្រមូលភស្តុតាងផង និងបើកសវនាការសួរដេញដោលផង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនថា ការសម្រេចសេចក្ដីខាងលើ ជាការសម្រេចរបស់តុលាការ ដែលជាអំណាចឯករាជ្យ មានចែងនិងធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមច្បាប់របស់កម្ពុជា បុគ្គលដែលមិនសុខចិត្ត នឹងការសម្រេចរបស់តុលាការជាន់ទាប មានសិទ្ធិប្តឹងតវាទៅតុលាការជាន់ខ្ពស់ និងមានសិទ្ធិរក មេធាវីការពារខ្លួន ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវគ្រប់ភាគីទាំងអស់ដែលមិនសុខចិត្តចំពោះការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញនេះ សូមគោរព និងអនុវត្តតាមបញ្ញត្តិ និងនីតិវិធីច្បាប់របស់កម្ពុជា ដោយធ្វើការចូលរួមក្នុង ដំណើរការនីតិវិធីរបស់តុលាការ តាមរយៈការផ្តល់នូវមេធាវី និងភស្តុតាង ឬសក្ខីកម្មឱ្យបានរឹងមាំ ក្នុងការតតាំង និង ដោះបន្ទុក ក្នុងនីតិវិធីបណ្តឹងឧទ្ធរណ៍តាមបញ្ញត្តិច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ : សុខ ខេមរា