ខេត្តតាកែវ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកាំភ្លើងមិនស្គាល់ម៉ាកភ្ជង់ក្បាលនារីអ្នកលក់អាហារបំប៉ន់គំរាមប្លន់កាបូបលុយអស់ជាង១ម៉ឺនដុល្លារ រួចជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រហូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ស្រ្តីរងគ្រោះត្រូវបានស្គាល់ឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ រស់នៅឃុំ កើតហេតុ ជាអ្នកលក់អាហារបំប៉ន់ ខេលីន ។ ស្ត្រីរងគ្រោះបានបញ្ជាក់ថា លុយដែលបាត់បង់ទៅនោះមានជាង១ម៉ឺនដុល្លារ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ មកឈប់នៅមុខផ្ទះស្ត្រីរងគ្រោះអ្នកលក់អាហារបំប៉ន់ខេលីន រួចបានចុះដើរចូលធ្វើសកម្មភាពយកកាំភ្លើងខ្លីភ្ជង់ក្បាលស្រ្តីរងគ្រោះ បង្ខំឲ្យប្រគល់កាបូបដាក់លុយឲ្យទៅពួកគេ ។ ពេលនោះជនរងគ្រោះ ក៏បានប្រគល់កាបូបលុយឲ្យទៅក្រុមជនសង្ស័យ ហើយពួកគេក៏ជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាពតែម្តង ។
ជុំវិញករណីនេះ លោក ឆាយ សាវុទ្ធ អធិការក្រុងដូនកែវ បានឲ្យនគរវត្តដឹងថា លោកមិនទាន់អាចផ្តល់ព័ត៌មានលម្អិតណាមួយ ឲ្យបានច្បាស់លាស់នោះទេពាក់ព័ន្ធករណីនេះ ពីព្រោះបើតាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុ មានការខុសៗគ្នា ។ ពេលនេះ លោកកំពុងកំណត់គោលដៅ និងស្រាវជ្រាវរកមុខសញ្ញាពឹតប្រាកដ ដើម្បីស្វែងរកការពិតជាក់ស្តែង ។
នេះជាករណីទីមួយហើយដែលមានអំពើប្លន់ទាំងកណ្តាលថ្ងៃចែសបែបនេះស្ថិតនៅក្នុងទឹកដីក្រុងដូនកែវ ។ ប្រជាពលរដ្ឋ ជាពិសេសក្រុមអាជីវករក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង ៕
ដោយ៖ ជីសូរកា