យកកាំបិតចុងស្រួចដេញចាក់ប្រជាការពារនិងសមត្ថកិច្ចរងរបួសធ្ងន់ស្រាល២នាក់ដោយសារប្រើថ្នាំញៀនលើសកម្រិត

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យ​ម្នាក់​ ដោយសារប្រើថ្នាំញៀនលើសកម្រិតបានយកកាំបិតចុងស្រួចដេញចាក់ប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩​ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីនៅចំណុចផ្ទះជនសង្ស័យក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះ០២នាក់ ទី១-ឈ្មោះ រ៉នី គឹមរី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរប្រជាការពារភូមិ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(របួសធ្ងន់), ទី២-ឈ្មោះ ឈុន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ(របួសស្រាល)។ ចំណែកជនសង្ស័យឈ្មោះ អែល ការីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ស្ថានភាពជនសង្ស័យ (មានរបួសបែកក្បាល)។
រីឯវត្តុតាងចាប់យក: កាំបិតចុងស្រួច ដងធ្វើអំពីឈើចំនួន០១ ។
ប្រភព​ដដែលបន្តថា​ នៅថ្ងៃកើតហេតុ វេលាម៉ោង១៣និង៣០នាទី ម្ដាយជនសង្ស័យបានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ សូមឱ្យជួយធ្វើអន្តរាគមន៍ទប់ស្កាត់ជនសង្ស័យដែលត្រូវជាកូនបែកថ្នាំញៀន អុកឡុកក្រុមគ្រួសារ និងអ្នកជិតខាង។ ក្រោយពីទទួលព័ត៌មានហើយកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារបានចុះទៅដល់ ហើយបានឃើញជនសង្ស័យកំពុងដេកនៅក្នុងបន្ទប់ក្រោមផ្ទះ ពេលនោះកម្លាំងយើងបានហៅជនសង្ស័យឱ្យបើកទ្វារចេញ តែជនសង្ស័យមិនព្រមចេញ រួចកម្លាំងយើងក៏បានធាក់ទ្វារ តែជនសង្ស័យមិនព្រមបើកទ្វារ ពេលនោះកម្លាំងប្រជាការពារឈ្មោះ សុះ យ៉ាន បានទៅឈរក្បែរទ្វារ ហើយបានស្រែកហៅជនសង្ស័យឱ្យចេញ ចំណែកកម្លាំងសមត្ថកិច្ចយើងនិងកម្លាំងប្រជាការពារមួយចំនួនទៀតបានឈរនៅមុខទ្វារផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបើកទ្វារស្ទុះចេញមកដោយកាន់កាំបិតចុងស្រួចនៅនឹងដៃចាក់ទៅលើ កម្លាំងប្រជាការពារម្នាក់ឈ្មោះ រ៉ូ នីគឹមរី ត្រូវចំក្រោមដងកាំបិតខាងស្ដាំមួយកាំបិត បណ្ដាលឱ្យមានរបួសធ្ងន់ ហើយជនសង្ស័យក៏រត់ឡើងទៅលើផ្ទះដោយកាន់កាំបិតចុងស្រួចជាប់នឹងដៃ។បន្ទាប់មកកម្លាំងអន្តរាគមន៍ស្រុកក៏ចុះទៅជួយធ្វើអន្តរាគមន៍ ពេលនោះកម្លាំងស្រុកនិងប៉ុស្តិ៍ ក៏បានឡើងទៅលើផ្ទះដើម្បីហៅជនសង្ស័យ ភ្លាមនោះស្រាប់តែជនសង្ស័យស្ទុះមកចាក់សមត្ថកិច្ចយើងម្នាក់ឈ្មោះ ឈុន សុផល(មន្ត្រីប៉ុស្ដិ៍) ហើយយកកាំបិតចុងស្រួចអារ.កខ្លួនឯង ក្នុងពេលនោះកម្លាំងសមត្ថកិច្ចយើងក៏នាំគ្នាចាប់ជនសង្ស័យ តែជនសង្ស័យបានរើបម្រះរួច ហើយយកកំបិតចុងស្រួច ដេញចាក់សមត្ថកិច្ចយើងថែមទៀត ក្នុងពេលនោះប្រជាពលរដ្ឋឃើញដូច្នេះក៏បាននាំគ្នាជួយចាប់និងវាយជនសង្ស័យ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បានយកជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក។
ចំណែកជនរងគ្រោះឈ្មោះ ឈុន សុផល និងឈ្មោះ នី គឹមរី ត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្នំពេញ។ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញ និងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាម​នីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print