សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ វៀតណាមបានដកកងទ័ពចេញពីកម្ពុជា ២ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ អ្នកនិយាយថា ដោយសារកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបវៀតណាមដកទ័ពចេញពីកម្ពុជា គឺជាការនិយាយខុសពីសភាពការណ៍ជាក់ស្តែង។

ប្រមុខដឹកនាំកម្ពុជា បានបង្ហើបបញ្ជាក់ថា វៀតណាមមិនមែនដកកងទ័ពចេញពីកម្ពុជា ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ គឺវៀតណាមបានដកកងទ័ពទាំងស្រុង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ មកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វៀតណាមមិនមែនដកទ័ពក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសទេ សូមបញ្ជាក់ឲ្យច្បាស់ត្រង់ចំណុចនេះ។ វៀតណាមបានដកចេញទាំងស្រុងពីកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ គឺជាង ២ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ ពេលនោះ ជាពេលវេលាដែលយើងបានកសាងកម្លាំងខ្លួនឯង ភូមិសាស្ត្រមួយចំនួនត្រូវបាត់បង់ ដូចជា៖​ ភូមិសាស្ត្រប៉ៃលិន តំបន់ខ្លះអន្លង់វែង ក៏ប៉ុន្តែយើងទប់ទល់បានសភាពការណ៍ ហើយទិដ្ឋភាពអន្តរជាតិនៃបញ្ហាកម្ពុជា ក៏ត្រូវបានបញ្ចប់ ព្រោះដំណោះស្រាយបញ្ហានយោបាយសម្រាប់កម្ពុជា គឺមានបញ្ហា២ រួមមាន ទិដ្ឋភាពផ្ទៃក្នុង និងទិដ្ឋភាពអន្តរជាតិ»។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បន្តថា «អញ្ចឹងពេលកងទ័ពវៀតណាមចេញពីកម្ពុជា ទិដ្ឋភាពអន្តរជាតិត្រូវបានបញ្ចប់ នៅតែទិដ្ឋភាពផ្ទៃក្នុងតែប៉ុណ្ណោះ ដែលជាការផ្តល់ឱកាសឲ្យកម្ពុជា សម្រាប់សម្រួលគ្នាតាមរយៈនៃការចូលរួមពីភាគីពាក់ព័ន្ធ រាប់ទាំងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីសម្រេចបាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នោះហើយ ជាចំណុចប្រវត្តិសាស្ត្រដែលយើងគួររំលឹក ហើយអ្នកខ្លះលើកថា ដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីស ទើបវៀតណាមដកទ័ព។ នេះជាការលើកខុសពីសភាពការណ៍ជាក់ស្តែង នៅកម្ពុជា»។

បន្ថែមពីនេះ​ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់​ថា ជំនាញការវៀតណាម ត្រូវបានដកចេញពីកម្ពុជា មុនដកកងទ័ពមួយឆ្នាំ ដែលមានន័យថា វៀតណាមបានដកកងទ័ពចេញពីកម្ពុជា ២ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print