ក្រុងប៉ោយប៉ែតៈប្រសិនបើមន្ទីរឬអង្គភាពណាមិនអនុវត្តតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនោះទេ និងមានវិធានការកាត់ថវិការក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ នេះជាការលើកឡើងរបស់លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ ក្នុងឱកាសដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយបើកកិច្ចប្រជុំពិនិត្យផ្គូផ្គងនិងវាយតម្លៃ លើការរៀបចំការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២១ នាថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត លោកលោកស្រីប្រធាន អនុប្រធានអង្គភាព អភិបាល អភិបាលរងស្រុកក្រុង ព្រមទាំងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបប្រមាណជាង៣០០ នាក់ ។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនិងលោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋបានបញ្ជាក់ថា៖ ដោយអនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសាឆ្នាំ ២០១៧ ស្ដីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០០៦ ស្ដីពីវិធាននិងនីតិវិធីនៃការធ្វើអនុប្រយោគ ទ្រព្យសម្បត្តិសាធារណៈរដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ បទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ៣០ បប ចុះថ្ងៃទី ២៥ ខែធ្នូឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងសារាចរលេខ០៧ សរ ចុះថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៤ ស្ដីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល និងតារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២១។ បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាលក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលជារៀងរាល់ ០៥ ឆ្នាំម្ដង ឱ្យបានត្រឹមត្រូវគ្រប់ចំនួននិងចប់សព្វគ្រប់នៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់ ប្រសិនបើមន្ទីរឬអង្គភាពណាមិនអនុវត្តតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។ ទម្រង់ទី១/- សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល០៥ឆ្នាំម្ដងហៅថា “បញ្ជីសារពើភណ្ឌឆ្នាំគោល”។ ដែលមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោលនេះបានចំនួន០៤ដងរួចមកហើយ គឺឆ្នាំ២០០៤ ឆ្នាំ២០០៩ ឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។ ទម្រង់ទី២/- តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ កត់ត្រានូវការកើនឡើងនិងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល ០៥ ឆ្នាំ នៃឆ្នាំគោលដោយអនុលោម តាមគំរូជាធរមានហៅថា “តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ”។
ជាចុងក្រោយលោក សុខ ធី គូសបញ្ជាក់ថា៖ ផ្អែកតាមអនុក្រឹត្យលេខ៦៦ មាត្រា ២១ អាជ្ញាធរកាន់កាប់ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្ត៕ វណ្ណា