ខេត្តត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា , ការកាត់ទោសលើក្រុមមេដឹកនាំខ្មែរក្រហម គឺជាការបង្ហាញនូវភាពត្រឹមត្រូវដែលវៀតណាមលើកទ័ពមកវាយព្រោះរំលំរបបកម្ពុជាប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា,សម្ដេចបានលើកឡើងបែបនេះនៅក្នុងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិធ្វើឡើងនៅតំបន់ X-16 ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំហើយដែលប្រទេសវៀតណាម ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ត្រូវបានគេលាបពណ៌ ថាបាននាំឲ្យវៀតណាមឈ្លានពានមកលើប្រទេសកម្ពុជានិងសម្លាប់ពលរដ្ឋខ្មែរ។ ទោះយ៉ាងណាសម្ដេចតេជោថា តាមរយៈការបង្កើតនៅសាលាក្ដីខ្មែរក្រហមដើរជាសាលាក្ដីកូនកាត់ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាខណ្ឌ បានកាត់ទោសដោយជោគជ័យទៅលើក្រុមមេដឹកនាំខ្មែរក្រហមបានបង្ហាញនូវការពិតនិងផ្ដល់នូវភាពយុត្តិធម៌ដល់ប្រទេសវៀតណាមនិងគណបក្សប្រជាជនកម្ពុជា។
សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ។
សូមជម្រាបជូនថា, នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជាមកដល់ប្រទេសវៀតណាមនេះ ដើម្បីគៀងគរកម្លាំងក្នុងការរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំឭកអនុស្សាវរីយ៍ ថាបាយមួយពេលដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និងសមមិត្តដ៏ស្មោះស្ម័គ្រចំនួន ៤រូបផ្សេងទៀតកាលពី ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈបាយមួយពេលនោះពិតជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នាពេលនោះគឺពិតជាមានការប្រថុយប្រថាន និងសង្ឃឹមមានជីវិតតិចតួចណាស់ ខណៈដំណើរដ៏គ្រោះថ្នាក់នោះ គឺមានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មកសង្រ្គោះកម្ពុជាឲ្យរួចផុតពីកណ្តាប់ដៃពិឃាតដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់បំផុត ហើយតំបន់នេះបានសាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី ,ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់អំពូលអគ្គិសនីបំភ្លឺជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីគោលបំណងបើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា រយៈពេល៤៥ឆ្នាំ បានកន្លងផុត ជាមួយនឹងកិច្ចការជាច្រើនបានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការជាច្រើនដែលជាផលប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានតភ្ជាប់នៅតំបន់កោះថ្ម ក៏ត្រូវបានអភិវឌ្ឍន៍ ហើយសម្ដេច និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃក្រោយ ក្នុងពេលវេលាសមស្រប អាចនឹងបើកច្រកនេះ ទៅជាច្រកអន្តរជាតិមួយ ។ ការបើកច្រកទ្វារអន្តរជាតិនេះ ត្រូវបំពេញការងារមួយចំនួនទាក់ទិននឹងការកសាងហេដ្ឋរចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ដែលជាច្រកច្រកព្រំដែនអន្តរជាតិមួយ ដែលនឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ។ សម្ដេចតេជោក៏បានអរគុណដល់រាជរដ្ឋាភិបាលវៀតណាមដែលបានសហការក្នុងកិច្ចការងារនេះអរគុណដល់បងប្អូនប្រជាពលរដ្ឋវៀតណាមសម្រាប់អនុស្សាវរីយ៍នៅពេលកន្លងមក ៕
ដោយ : សិលា