សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម

ចែករំលែក៖

ភ្នំពេញ​៖​ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក បណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម។

ក្នុងជំនួបនេះ លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ លោកបានចាត់ទុកថា កម្ពុជាជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់ឯកឧត្តម ដែលជាប្រទេសមួយដែលឯកឧត្តមបានគិតថាមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា ដែលជាទីគោរព ជាទីគំរូសម្រាប់ពិភពលោក។ ក្នុងន័យនេះ លោកបណ្ឌិត មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោក មហាម៉ាត់ អាប់ឌុលការីម បានបន្ថែមថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត រីករាយណាស់ជាមួយ ការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក មហាម៉ាត់ អាប់ឌុលការីម ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។

សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ប្រទេសមួយអាចទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្តដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print