ប្រធានាធិបតីពូទីន បានប្រកាសថា រុស្ស៊ីបានកំណត់គោលដៅនៃលំហូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចការបរទេសទៅកាន់ប្រទេសជិតខាងដែលមានទំនុកចិត្ត ដូចជាចិននិងឥណ្ឌា ព្រមទាំងប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) នៅថ្ងៃទី២២ខែមិថុនា ប្រធានាធិបតីពូទីន បានបញ្ជាក់ថា រុស្ស៊ីបានកំណត់គោលដៅសេដ្ឋកិច្ចឆ្ពោះទៅកាន់ប្រទេសដែលមានទំនុកចិត្តដូចជា ប្រេស៊ីល ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង…ក្នុងពេលដែលប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ី។
លោកពូទីនបានបញ្ជាក់ថា «យើងកំពុងតែសកម្មចូលរួមនៅក្នុងការកំណត់ទិសដៅពាណិជ្ជកម្មជាប្រព័ន្ធទៅកាន់ដៃគូដែលគួរឱ្យទុកចិត្ត»។ ប្រធានាធិបតីពូទីន
បានបញ្ជាក់ទៀតថា ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនឹងបណ្តាប្រទេសស្ថិតនៅក្នុងក្រុមប្រទេស(BRICS)បានកើនឡើង៣៨% គិតជាទឹកប្រាក់ ជាង៤៥ពាន់លានដុល្លារក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ។
រុស្ស៊ីបានបង្កើនការនាំប្រេងទៅកាន់ប្រទេសចិននិងឥណ្ឌា។ ចិនបានបង្កើនការទិញប្រេងពីរុស្ស៊ីខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២ ។ តាមតួលេខពីនាយកដ្ឋានពន្ធដារចិនបានបញ្ជាក់ថា រុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងនាំមុខគេ ដោយការផ្គត់ផ្គង់កើនឡើង២៩% បើប្រៀបធៀបនឹងខែមុន និងកើនឡើង៥៥%បើប្រៀបធៀបនឹងឆ្នាំ២០២១៕ ដោយធីរីណា
រូបថត : TASS