មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ ទទួល​ធុងបែងចែកសំរាម​ចំនួន​ ១០០ ដែល​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” សម្រាប់​​​ប្រើ​ប្រាស់​​ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៖ ធុងបែងចែកសំរាម​ចំនួន​ ១០០ ដែល​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR” នាំ​មក​ជូន​ដោយ​ក្រុមហ៊ុនឯកជន ត្រូវ​បាន​ប្រគល់​ជូន​ជា​ផ្លូវការ​ហើយ សម្រាប់​​​ប្រើ​ប្រាស់​​ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ក្រោម​អធិបតីភាពលោក ជា បូរ៉ា រដ្ឋលេខាធិការ​​ក្រសួងទេសចរណ៍។

        

ធុងសំរាម​​ទាំង​នេះ​​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់ពិភពលោក “FIFA WORLD CUP™ TROPHY TOUR”​​ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្នុង​គោល​បំណង​លើក​ទឹក​ចិត្តប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡា​ឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ក្នុងការ​បែង​ចែក​សំរាមទៅតាម​ប្រភេទ។ ប្រភេទធុងសំរាមទាំងនេះ​រួមមាន ធុង​សម្រាប់​​ដាក់​​សំរាម​ដែល​អាច​កែច្នៃ​ឡើ​ង​វិញ (Recyclable Waste) ​មាន​ដូច​ជា​កំប៉ុងអាលុយមីញូម ​ដប​ប្លាស្ទិក និង​ធុង​សម្រាប់ដាក់​​កាកសំណល់​អាហារ​ជាដើម។

 

ក្រុមហ៊ុនឯកជនមួយនេះ សង្ឃឹម​ថា តាម​រយៈ​ការ​ផ្តល់ធុងបែងចែក​​សំរាមទៅតាម​ប្រភេទ​បែប​នេះ គឺជាគំនិត​ផ្តួចផ្តើមដែល​នឹង​លើក​កម្ពស់​សក្តានុពលនៃសេដ្ឋកិច្ចវិលជុំ ដោយការលើកកម្ពស់ការ​កែច្នៃឡើងវិញ និងការ​ប្រើ​ប្រាស់​ឡើងវិញនូវដបប្លាស្ទិក។

 

ពិធី​ប្រគល់​ធុង​សំរាម​ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់​លោក ជា បូរ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ និង​កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយក​ផ្នែក​ទំនាក់​ទំនង​កិច្ចការសាធារណៈ និងចីរភាព​ប្រចាំ​ប្រទេស​របស់ក្រុមហ៊ុនឯកជនមួយនេះ។

    

លោក ជា បូរ៉ា បាន​មាន​ប្រសាសន៍​ថា៖ «នេះជាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ដែលបានទទួល ដំណើរមកដល់ជាផ្លូវការរបស់ពានបាល់ទាត់ពិភពលោក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរ ទេសចរណ៍ពានបាល់ទាត់ពិភពលោក។ ហើយក៏ជាកិត្តិយសផងដែរ ក្នុងការទទួលបានធុងសំរាមទាំងនេះ ដែលបង្ហាញពីរបៀបដែលក្រុមហ៊ុនមួយនេះ កំពុងនាំមុខគេក្នុងការលើកកម្ពស់និរន្តរភាព និងគំនិតផ្តួចផ្តើម ផ្នែកបរិស្ថាន»។

 

សូមជម្រាបថា​ ព្រឹត្តិការណ៍​ដំណើរទេសចរណ៍​​ពានបាល់ទាត់ពិភពលោក​ឆ្នាំ ២០២២នេះ ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុនឯកជនមួយនេះ មាន​បេសកម្ម​​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​នីមួយៗ​ដែល​ដំណើរ ទេសចរណ៍​នេះ​​បាន​ទៅ​ដល់។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ព្រឹត្តិការណ៍សម្រាប់អតិថិជន​​​នឹងត្រូវបាន​រៀបចំ​ដោយប្រើប្រាស់ឌីជីថលច្រើន​ ហើយក្រុមហ៊ុន ក៏បានកាត់​បន្ថយ​សំរាម​នៅ​គ្រប់​កន្លែង​សំចត​​នៃ​ព្រឹត្តិការណ៍​​ដំណើរទេសចរណ៍​នេះ រីឯ​សម្ភារ​ប្រើ​ប្រាស់​សម្រាប់​ព្រឹត្តិការណ៍​​នីមួយៗ (Activation material) ត្រូវ​បាន​ផលិតក្នុងស្រុក និង​​អាច​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​បាន ព្រមទាំងបាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក ថាមពល សម្ភារៈ រួម​ទាំង​ធន​ធាន​ផ្សេងៗ​ទៀត​ឱ្យនៅត្រឹម​កម្រិត​អប្បបរមា។

 

គូសបញ្ជាក់ផងដែរ ធុង​សម្រាម​ចំនួន ​១០០​​ធុង ដែលបាន​ប្រគល់ជូនពហុកីឡដ្ឋានជាតិមរតកតេជោនេះ ​គឺជាធុងសំរាមដែល​បាន​ផលិត​ក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print