រថយន្តកាមរីហើមកែច្នៃដឹកគោ បើកមិនប្រយ័ត្នទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ឯម្ចាស់រថយន្តបង្កដាក់មេប្រូចបាត់

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទី បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពេញទំហឹង ខណៈបើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន។ ករណីនេះបានកើតឡើងលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ចន្លោះគីឡូម៉ែត្រលេខ៣១៦-៣១៧ នៅចំណុចក្បាលស្ពានច្រវ៉ា ភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របុរី​ ខេត្តក្រចេះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ចាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងរវាងរថយន្តកាមរីហើមកែច្នៃដឹកគោបានទៅបុកម៉ូតូពេញទំហឹងខណៈកំពុងបើកបរបញ្ច្រាសទិសគ្នា គឺម៉ូតូបើកបរពីទិសខាងជេីងទៅទិសខាងត្បូង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ដែលមូលហេតុបណ្តាលមកពីរថយន្ដបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ចំពោះអ្នករងរបួសខាងលើត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីជួយសង្គ្រោះបន្ទាន់។
ជនរងគ្រោះខាងលើមានឈ្មោះអ៊ុក ឌី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលស្រុកចិត្របុរី មានទីលំនៅភូមិអាលួច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1D-4651 រងការខូចខាតយ៉ាងដំណំ។
ចំណែករថយន្តបង្កហេតុម៉ាកកាមរីសេ៊រីឆ្នាំ១៩៩៥កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2B-4126 ដឹកគោ១ក្បាលបេីកបរពីទិសខាងត្បូងទៅទិសខាងជេីង រងការខូចខាតធ្ងន់ធ្ងរដូចគ្នា ចំណែកអ្នកបេីកបររថយន្តបង្កហេតុ សមត្ថកិច្ចមិនបានស្គាល់អត្តសញ្ញាណឡើយ ព្រោះក្រោយកើតហេតុគាត់បានដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោលទៅ។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចនគរបាលយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កខាងលើឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print